តាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់ពន្ធនាគារនៃក្រសួងមហាផ្ទៃបានឲ្យដឹងថាគិតត្រឹមឆ្នាំ ២០១៧ មានអ្នកជាប់ឃុំប្រមាណជិត ៣ម៉ឺននាក់ និងមានជនបរទេសជាង ១ពាន់នាក់ផងដែរ។
នេះបើតាមការឲ្យដឹងពីអគ្គនាយករងពន្ធនាគារ និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ លោក នុត សវនា ដែលប្រាប់ក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារបន្ដ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្ដីក្រសួងមហាផ្ទៃ។
លោកបានលើកឡើងថា នៅកម្ពុជាមានអ្នកជាប់ឃុំឃាំងក្នុងពន្ធនាគារ ជិត៣ម៉ឺននាក់ដោយក្នុងនោះរួមមាន ជនត្រូវចោទ ចំនួន ៦ ៧៦៣នាក់ (ស្រី ៦៥៦នាក់) ជនជាប់ចោទ ចំនួន ៣ ៤៤១នាក់ (ស្រី ៣៣២នាក់) ពិរុទ្ធជន ចំនួន ១១ ០៣៨ នាក់ (ស្រី ៩៩០នាក់)។
ក្នុងនោះដែរក៏មានអ្នកជាប់ឃុំជាទណ្ឌិត ចំនួន ៧ ១៧២នាក់ (ស្រី ៤៦៥នាក់) និងអ្នកជាប់ឃុំជាជនបរទេសមានចំនួន ១ ១៤៨នាក់ (ស្រី ២៧១នាក់) អនីតិជន ចំនួន ១ ៥៥៥នាក់ (ស្រី៩៨នាក់) ស្ដ្រីមានផ្ទៃពោះចំនួន ៣២នាក់ និងកូនតាមម្ដាយចំនួន ១៤៧នាក់ (ស្រី៧២នាក់)៕