អ្នកប្រមាថព្រះមហាក្សត្រសូម្បីលើហ្វេសប៊ុកក៏មានទោស

65

អ្នកនាំពាក្យរដ្ឋសភាអះអាងថា អ្នកប្រមាថព្រះមហាក្សត្រ សូម្បីតែលើហ្វេសប៊ុក នឹងទទួលទោសធ្ងន់ធ្ងរតាមនីតិវិធីក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យរដ្ឋសភាលោក ឈាង វុន បានអះអាងថា អ្នកដែលជេប្រមាថ ព្រះមហាក្សត្រនឹង ទទួលទោសទណ្ឌធ្ងន់ធ្ងរ នេះបើតាមសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌដែល គណៈរដ្ឋមន្ត្រីបានរៀបចំចប់សព្វគ្រប់ហើយបានបញ្ជូនមកដល់ដៃ រដ្ឋសភា ដើម្បីសុំការអនុម័តពីសម័យប្រជុំពេញអង្គនៅថ្ងៃទី១៤ ខែកុម្ភៈខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មានកម្ពុជា។

លោក ឈាង វុន លើកឡើងថាតាមសេចក្តីព្រាងច្បាប់ បានកំណត់ទោសធ្ងន់ធ្ងរណាស់ចំពោះអ្នកប្រមាថព្រះមហាក្សត្រ សូម្បីតែអ្នកខមមិន (Comments)តាមរយៈហ្វេសប៊ុកFacebook)របស់គេក៏ទទួលទោស ធ្ងន់ធ្ងរដូចអ្នកសរសេរប្រមាថព្រះមហាក្សត្របង្ហោះតាមFacebookដែរ។

លោកបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ធ្វើវិសោធនកម្មក្រមព្រហ្មទណ្ឌនេះឡើង ក្នុងគោលបំណងការពារកិត្តិយសព្រះមហាក្សត្រ ការពារស្ថាប័នសាធារណៈឱ្យដូចនៅប្រទេសគេដែរ អ្នកដែលប្រមាថព្រះមហាក្សត្រមានទោសធ្ងន់ធ្ងរណាស់ ដូចនៅ ប្រទេសថៃជាដើម៕