បុរសម្នាក់ដើរចូលកងរថយន្តបណ្ដាលឲ្យកិនស្លាប់ភ្លាមៗនៅកណ្ដាល

36

បុរស​ម្នាក់មិនដឹង​មាន​វិបត្តិ​អ្វី​ បាន​ដើរ​សំដៅ​ចូល​ទៅ​ក្រោម​កង់​រថយន្ត​ ដែល​កំពុង​បើក​តាម​ដងផ្លូវ​បណ្ដាល​ឲ្យ​កិន​ស្លាប់​ក្នុង​ថ្លុកឈាម​ភ្លាមៗនៅខេត្តកណ្ដាល​។​

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិករណី​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​២៥​នាទី​ ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ស្ថិត​ក្នុងភូមិ​ព្រែក​រាំង​ សង្កាត់​កំពង់​សំណាញ់​ ក្រុង​តា​ខ្មៅ​ ។​

ការចុះផ្សាយដដែលមន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ រីឯ​រថយន្ត​ម៉ាក​HINO​ ធុន​ធំ​ ពណ៌​ខៀវ​ ពាក់​ស្លា​លេខ​ ក្រុងព្រះសីហនុ​3A-1168​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ ទុក​រថយន្ត​ចោល​រត់គេច​ខ្លួន​បាត់​​។​

​ការចុះផ្សាយដដែល​បន្ត​ថា​ នៅ​មុន​ពេល​កើត​ហេ​តុសាក្សី​បានឃើញ​ជន​រង​គ្រោះជា​អ្នក​ថ្មើរជើង​ បាន​ដើរ​ឆ្លងផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ ជន​រង​គ្រោះ​ក៏​បាន​ឈប់​ ខណៈនោះ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​កំពុង​បើក​តាម​បណ្ដោយ​ផ្លូវ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ​ស្រាប់តែ​ជន​រង​គ្រោះជា​អ្នក​ថ្មើរជើង​ ក៏​បាន​រត់​ចូល​ទៅ​ក្រោម​កង់​រថយន្ត​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងស្តាំ​ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​។

ក្រោយ​ពី​មាន​ហេតុ​ការ​កើតឡើង​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​មក​កន្លែង​កើតហេតុ​ រួច​ធ្វើការ​វាស់វែង​កសាង​ឯកសារ​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

ចំពោះ​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សា​មុ​យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ ដឹក​យក​ទៅ​តម្កល់​នៅ​សាល​ដាក់​សព​ មន្ទីរពេទ្យ​បង្អែក​ជ័យ​ជំនះ​ ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​