រដ្ឋាភិបាលស្នើអាមេរិកលុបទណ្ឌកម្មដែលហាមមន្ត្រីចូលអាមេរិក

53

រដ្ឋាភិបាលកម្ពុជាបានស្នើឲ្យអាមេរិកពិចារណាលុបចោលទណ្ឌកម្មដែលហាមមិនឲ្យមន្រ្តីការទូតរដ្ឋាភិបាលចូលទឹកដីអាមេរិក។

សម្ដេចក្រឡាហោម ស ខេង បានស្នើបែបនេះក្នុងជំនួបជាមួយលោក ខាល រីសឆ៍ (CARL RISCH) ឧបការី រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការកុងស៊ុល ដើម្បីពិភាក្សាការងារ នាល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង សង្ឃឹមថា អាមេរិកនឹងពិចារណាក្នុងការដកចេញនូវបម្រាមទិដ្ឋាការដល់មន្រ្តីការទូតកម្ពុជាដែលអាមេរិកដាក់កន្លងមក ។នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។

សម្ដេចស្នើបែបនេះបន្ទាប់ពីកម្ពុជាបានឯកភាពបន្តការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជាដែលបានប្រព្រឹត្តិបទល្មើសនៅសហរដ្ឋអាមេរិកមកកម្ពុជាវិញតាមការស្នើរបស់អាមេរិកដោយផ្អែកលើកិច្ចព្រមព្រៀង ដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីឆ្នាំ២០០២ និងឆ្នាំ២០០៣កន្លងមក ។

ការចុះផ្សាយដដែលនោះលើកប្រសាសន៍សម្តេចក្រឡាហោម ថាកម្ពុជាមិនដែលគេចវេសក្នុងការទទួលពលរដ្ឋកម្ពុជា ដែលអាមេរិកនឹងបញ្ជូនមកទេ ប៉ុន្តែអ្វីៗត្រូវឆ្លងកាត់ការពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ។

ការចុះផ្សាយដដែលបន្តថាជុំវិញនៃការស្នើរបស់ភាគីកម្ពុជានេះ លោក ខាល រីសឆ៍ (CARL RISCH) មិនទាន់មានការឆ្លើយតបបែបណានោះទេ ដោយលោកថា បញ្ហានេះគឺទុកលទ្ធភាពឲ្យក្រុមការងារភាគីទាំងពីរពិនិត្យពិភាក្សាគ្នាបន្ថែមទៀត ដើម្បីស្វែងរកចំណុចរួមនឹងភាពមិនចុះសម្រុងគ្នា និងបញ្ហាផ្សេងៗជុំវិញការបញ្ជូនត្រឡប់ពលរដ្ឋកម្ពុជា ដែលមានទោសនៅអាមេរិកមកកាន់កម្ពុជាវិញនេះ ។

កាលពីខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅអាមេរិកបានផ្អាកចេញទិដ្ឋាការប្រភេទ B1 ប្រភេទ B2 និងប្រភេទ B1/B2 ដល់មន្ត្រី នៃក្រសួងការបរទេសកម្ពុជា ដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងការបរទេស ដោយសារប្រទេសកម្ពុជាបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្របដើម្បីពន្យាពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ខ្លួនដែលរស់នៅ និង ប្រព្រឹត្តបទល្មើសនៅទឹកដីអាមេរិក៕