គ.ជ.ប ហាមបក្សនយោបាយឃោសនាបោះឆ្នោតព្រឹទ្ធសភានៅទីតាំងមួយចំនួន

34

គណៈកម្មាធិការជាតិរៀប​ចំការបោះឆ្នោត បាន​ហាម​ឃាត់​មិន​ឲ្យគណបក្សនយោបាយ​ ​​ដង្ហែ​ក្បួន​​ឃោសនា​ ​អំឡុង​ពេល​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ចុងខែកុម្ភៈនេះ​​ នៅទីតាំងមួយចំនួនដោយថា ដើម្បី​បញ្ចៀស​ការកកស្ទះចរាចរណ៍។

ក្នុង​សេចក្តីប្រកាសព័ត៌មាន​ចុះផ្សាយនៅថ្ងៃនេះ គ.ជ.ប. បាន​​ជូនដំណឹងទៅសាលារាជធានីភ្នំពេញពីទីតាំងចំនួន ២២ចំណុច ដែលត្រូវ​បាន​ហាមឃាត់​មិនឲ្យ​គណបក្សនយោ​បាយធ្វើយុទ្ធនាការ​ដង្ហែ​ក្បួន​ឃោសនា​។

សេចក្ដីថ្លែងការណ៍ដដែលថាការហាមនៅ​តាម​ដង​ផ្លូវ និង​ទីតាំង​សាធារណៈ​ចំនួន ២២​កន្លែង​ផ្សេង​គ្នានោះ ដើម្បីធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ​ជូន​គណ​ប​ក្សនយោ​បាយ​ទាំង​អស់ឲ្យ​បានល្អប្រសើរ ​ជៀសវាង​ការ​ក​កស្ទះចរាចរ និង​រំខានដល់អ្នកធ្វើដំណើរជាដើម។

បើតាមសេចក្តីប្រកាសព័ត៌មាន​ដដែល​នោះ ផ្លូវ​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​នា​ពេល​ខាង​មុខ​នោះ មាន​មហាវិថី​ព្រះ​នរោត្ដម​ចាប់​ពី​វិមាន​ឯករាជ្យ​រហូត​ដល់​ស្ដុប​មន្ទីរ​ពេទ្យ​​អង្គឌួង មហា​វិថី​សហព័ន្ធ​រុស្ស៊ី កំណាត់​មហាវិថី​ព្រះ​មុនីវង្ស កំណាត់​មហា​វិថី​ព្រះសីហនុ កំណាត់​មហាវិថី​មៅ សេទុង កំណាត់​វិថី​សុធារស មហាវិថី​ព្រះ​សុរាម្រិត និង​ផ្លូវ​ជុំ​វិញ​ព្រះ​បរម​រាជវាំង។

ក្រៅ​ពី​មហាវិថី និង​ផ្លូវ​សំខាន់ៗ ផ្សារ​ធំ​ថ្មី បរិវេណ​ជុំ​វិញ​ផ្សារ​អូរឫស្សី បរិវេណ​ផ្សារ​ទួលទំពូង ផ្សារ​ដេប៉ូ និង​ផ្សារ​ដើម​គរ សុទ្ធ​តែ​ស្ថិត​នៅ​ក្រោម​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ក្បួន​ឃោសនា​ផ​ង​ដែរ។

សួន​សាធារណៈ​នានា​ដែល​ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ហាម​ឃាត់​ផង​ដែរ រួម​មាន សួនច្បារ​ព្រះបរមរាជវាំង ទីធ្លាព្រះមេរុ សួនមុខវត្តបទុមវតី ទីតាំងវិមានឯករាជ្យ និងសួនច្បារ​វិមានឯករាជ្យទាំងមូល ទីធ្លា​​​រូប​សំណាកលោយាយពេញ និង​សួនច្បារអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ជាដើម។

យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨នេះ នឹងប្រព្រឹត្តទៅរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៣ ខែកុម្ភៈ។

ការ​បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ឆ្នាំ២០១៨ និងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ខាងមុខ​នេះ ហើយគណបក្សដែលចូលរួមប្រកួតប្រជែងមានចំនួន​៤រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ និង​គណបក្សហ្វ៊ុនស៊ិនប៉ិច៕