មន្រ្តីនគរបាលជាជនដៃដល់ដែលបាញ់សម្លាប់មន្រ្តីការពារធនធានធម្មជាតិ ៣រូប នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយនៅព្រឹកនេះបន្ទាប់ពីព្យាយាមរត់គេចខ្លួនអស់រយៈពេល ៣ថ្ងៃ។
តាមការឲ្យដឹងពីមន្រ្តីនគរបាលបានឲ្យដឹងថានៅព្រឹកថ្ងៃទី ០២ ខែ កុម្ភៈនេះសមត្ថកិច្ចបានរកឃើញ និង ចាប់បានជនដៃដល់នេះ ឈ្មោះផល ពេញ ជានាយប៉ុស្ត៍របុំង អូររលែ ខេត្តមណ្ឌលគិរី ដែលបានបាញ់បណ្តាលឲ្យស្លាប់មនុស្ស ៣នាក់ ក្នុងនោះមានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន សុខណៃ នៃមន្ទីរបរិស្ថាន និង បុគ្គលិករបស់អង្គការ WCS លោក ថុល ខ្នា។
តាមការចុះផ្សាយរបស់ Freshnews ដែលដកស្រង់សំដីនាយកដែនជម្រកសត្វព្រៃកែវសីម៉ា លោក ឌិន ប៊ុនធឿន លើកឡើងថា មុនកើតហេតុជនរងគ្រោះ ៤នាក់ មានមន្ដ្រីអាវុធហត្ថម្នាក់ មន្ដ្រីឧទ្យានុរក្សម្នាក់ បុគ្គលិកអង្គការ WCS ម្នាក់ និងអ្នកភូមិម្នាក់បាន ជិះម៉ូតូ២គ្រឿង ចូលទៅល្បាតព្រៃឈើ ពេលនោះពួកគេបានជួបជនជាតិ វៀតណាមមួយក្រុម ប្រដាប់ដោយរណាយន្ដ កាំប៉ិត និងពូថៅ កំពុងប្រព្រឹត្តបទល្មើសព្រៃឈើ។
ការចុះផ្សាយដដែលបន្តថាពេលឃើញបទល្មើសបែបនេះ ពួកគេទាំង៤នាក់ ក៏បានរាយការណ៍មក នាយកដែនជម្រកសត្វព្រៃកែវសីម៉ា ហើយលោក ឌិន ប៊ុនធឿន បានប្រាប់ទៅវិញថា ឲ្យត្រឡប់ថយក្រោយវិញ ដើម្បីយកកម្លាំងទៅថែមធ្វើការបង្ក្រាប។
ការចុះផ្សាយបន្ថែមទៀតថា នៅពេលជនរងគ្រោះទាំង៤នាក់ បើកម៉ូតូចេញមកវិញ មិនទាន់ដល់ភូមិផង ក៏រងការបាញ់ប្រហារជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់៣នាក់ ហើយម្នាក់ទៀតបានរត់គេចទៅក្នុងភូមិ។
ការចុះផ្សាយនោះក៏បានដកស្រង់សម្តីមន្ដ្រីសមត្ថកិច្ចជាន់ខ្ពស់ម្នាក់ នៅខេត្តមណ្ឌលគិរី ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបថា មុនពេលកើតហេតុ មន្ដ្រីអាវុធហត្ថ មន្ដ្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS បានចូលទៅល្បាតព្រៃ ហើយក៏ឃើញបទល្មើសព្រៃឈើ បានចេញមកជួបក្រុមមន្ដ្រីនាយនគរបាលប៉ុស្ដិ៍អូររលែ ចំណុះឲ្យរនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លេខ ៦២១ ដោយអាចសង្ស័យបានថា ជាការមកចរចា និងនិយាយគ្នាពាក់ព័ន្ធការប្រព្រឹត្តបទល្មើសនៅទីនោះ។
សមត្ថកិច្ចជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា ដោយសារតែការចរចារ និងនិយាយគ្នាមិនត្រូវ រហូតមានការឈ្លោះប្រកែកគ្នា ហើយក៏មានការផ្ទុះអាវុធបណ្ដាលឲ្យស្លាប់យ៉ាងដូច្នេះ។
ក្រោយកើតហេតុរដ្ឋមន្រ្តីក្រសួងបរិស្ថាន និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានចេញសាររំលែកទុក្ខ ជាមួយស្ថាប័នអាវុធហត្ថ ឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន និង អង្គការWCS ដែលបាត់បងមន្រ្តីក្នុងបុព្វហេតុការពារធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី ហើយមន្រ្តីជាន់ខ្ពស់ក៏បានបញ្ជាឲ្យស្វែងរកជនដៃដល់ដើម្បីដាក់ទោសតាមច្បាប់៕