លោក កឹម សុខាត្រូវបានបញ្ជូនមកសវនាការនៅសាលាឧទ្ធរណ៍ព្រឹកនេះ

36

ប្រធានគណបក្ស​សង្គ្រោះ​ជាតិលោក កឹម​ សុខា​​ ត្រូវបានសមត្ថកិច្ចដឹកបញ្ជូនមកដល់សាលាឧទ្ធរណ៍ហើយ​នា​ព្រឹកព្រលឹមថ្ងៃ​ទី​០១​ ថ្ងៃ​កុម្ភៈ​ ឆ្នាំ​២០១៨​​នេះ​ ដើម្បី​ចូលរួម​សវនាការ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​។

នាព្រឹកថ្ងៃទី ០១ ខែ កុម្ភៈនេះសាលាឧទ្ធរណ៍បើកសវនាការអសាធារណៈ​ លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​របស់មេធាវីការពារក្ដីលោក កឹម សុខា ​ ប្រឆាំង​នឹង​ការ​សម្រេចមិន​ដោះលែង​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។

ជាមួយនឹងការនាំខ្លួនលោកកឹម សុខា មកកាន់សាលាឧទ្ធរណ៍ នាព្រឹកនេះ ក៏គេសង្កេតឃើញមានការដាក់របាំង​​ការពារ​យ៉ាងតឹងរឹង និងមានសមត្ថកិច្ចប្រមូលផ្តុំគ្នាការពារនៅទីនោះផងដែរ ចំណែកផ្លូវជុំវិញ និងក្បែរ​សាលា​ឧទ្ធរណ៍ក៏មានការបិទផងដែង ។

កន្លងមកតុលាការតែងតែបានបដិសេធ មិនអនុញ្ញាតឲ្យលោក កឹម  សុខា មាន​វត្តមាន​នៅក្នុង​សវនាការ​ឡើយ ​ទាំង​​ក្នុង​បណ្ដឹង​​ជំទាស់​​នីតិវិធី​នៃ​ការ​ឃុំ​ខ្លួន​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ និង​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ បន្ទាប់ពីសមត្ថកិច្ច​ចាប់ខ្លួន។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បញ្ជូនទៅឃុំខ្លួននៅ​ពន្ធនាគារ​ត្រពាំងផ្លុង ស្ថិត​ក្នុង​ខេត្ត​ត្បូង​ឃ្មុំ ដោយរងការចោទថាមានទោស «ក្បត់ជាតិ»​ឃុបឃិត​ជាមួយបរទេស ធ្វើបដិវត្តពណ៌ផ្តួលរំលំរដ្ឋាភិបាលកម្ពុជាស្របច្បាប់៕