រយៈពេល២ឆ្នាំ ខេត្តកំពង់ឆ្នាំង បញ្ជូនជនសង្ស័យ១១នាក់ទៅតុលាការ ឃុំខ្លួនបណ្តោះអាសន្ន៤នាក់ ពាក់ព័ន្ធបទល្មើសនេសាទ

91

 

ខេត្តកំពង់ឆ្នាំង ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញពីរបាយការណ៍ស្តីពីលទ្ធផលក្រុមការងារបង្ក្រាប បទល្មើសជលផល នៅបឹងទន្លេសាបចាប់ពី ឆ្នាំ២០២២ ដល់ ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង បង្ក្រាបបានឧបករណ៍នេសាទល្មើស ឆក់ត្រជាក់និងក្តៅ៥៩១គ្រឿង របាំងស្បៃមុងនិងសាច់អួន១៩៩៨០២ម៉ែត្រ លូនិងលប៣៩៣៨មាត់ បង្គោលចម្រឹង១០៧៧៤៥ដើម កាណូត១១គ្រឿង ម៉ាស៊ីនកាណូត៣គ្រឿង បញ្ជូនជនសង្ស័យទៅតុលាការ១១នាក់ និងឃុំខ្លួនបណ្តោះអាសន្ន៤នាក់។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បានអោយដឹងនៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ៖ និយាយជារួមទៅ រយៈពេល២ឆ្នាំ ៣ឆ្នាំ ចុងក្រោយនេះ ក្រុមការងារ បានចុះបង្ក្រាប បទល្មើសនេសាទ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះដែរ ក៏បានប្រមូលឧបករណ៍នេសាទខុសច្បាប់ មានដូចជា ឧបករណ៍ឆក់។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង បន្តថា ជាទិសដៅបន្ត មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង នឹងធ្វើការផ្សព្វផ្សាយ ពាក់ព័ន្ធ ជាមួយការប្រើប្រាស់ឧបករណ៍ ដែលជាឧបករណ៍ និងអោយប្រជានសាទ ទាំងអស់យក ឧបករណ៍នេះ មកប្រគល់អោយ សមត្ថកិច្ច ដើម្បីយកទៅកម្ទេចចោល។ ហើយអាជ្ញាធរ នឹងបន្ត បង្ក្រាបបទល្មើសណា ដែលខុសច្បាប់៕