សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ចុះអប់រំផ្សព្វផ្សាយស្ដីពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងធ្វើពលកម្មសម្អាតបរិស្ថាន ស្របតាពាក្យស្លោក(លាហើយ ប្លាស្ទិក) និង យើងខ្ញុំទាំងអស់គ្នាប្តេជ្ញា មិនប្រើថង់ប្លាស្ទិកទេ

17

 

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩  ខែកុម្ភៈ ឆ្នាំ២០២៤
លោក កែវ ផល នាយកសាខាបានដឹកនាំមន្រ្តីសាខា ទីប្រឹក្សាយុវជន និងយុវជនសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចុះអប់រំផ្សព្វផ្សាយអំពីការប្រែប្រួលអាកាស
ធាតុ និងបរិស្ថាន ផ្តោតលើការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ស្របតាពាក្យស្លោក(លាហើយ ប្លាស្ទិក) និងយើងខ្ញុំទាំងអស់គ្នាប្តេជ្ញា មិនប្រើថង់ប្លាស្ទិកទេ ដល់សិស្សានុសិស្សនៃវិទ្យាល័យ ជា ស៊ីមកំពង់ថ្ម និងវិទ្ល្យាល័យហ៊ុនសែនក្រវ៉ា សរុបអ្នកចូលរួមចំនួន៤៦១នាក់ ស្រី២៤៨ នាក់ ព្រមទាំងបានធ្វើពលកម្មសម្អាតបរិស្ថានជុំវិញសាលា បានចំនួន២លើក ។

នាឱកាសនោះ លោកនាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម ងួន រតនៈ  ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ  ដែលជានិច្ចកាលលោកតែងតែគិតគូរពីសុខភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ពិសេស ប្អូនៗ ក្មួយៗ ដែលជាសិស្សានុសិស្ស។ បន្ថែមពីនេះ លោកនាយកក៏បានមានប្រសាសន៍សំណេះសំណាល និងអប់រំផ្សព្វផ្សាយដល់សិស្សានុសិស្សពីគុណវិបត្តិនៃការប្រើប្រាស់ថង់ប្លាស្ទិក ដោយលោកបានលើកឡើងថា សម្រាប់ថង់ប្លាស្ទិកដែលផលិតឡើងពីប្រេងខ្មៅ និងសារធាតុគីមី(តូនិច)វាមាន
ផលអាក្រក់ខ្លាំងណាស់ដល់បរិស្ថាន វាត្រូវការចំណាយពេលរហូតដល់ទៅ៥០០ឆ្នាំ ទើបរលាយនិងបញ្ចេញជាតិពុល ដែលធ្វើអោយប៉ះពាល់ខ្លាំងដល់សភាវៈមានជីវិតទាំងលើដីនិងក្នុងទឹកពិសេសធ្វើអោយផែនដីឡើងកំដៅ។ ដូចនេះដើម្បីចូលរួមចំណែកក្នុងការថែរក្សាបរិស្ថាននិងជីវិតទាំងឡាយនៅលើភពផែនដី យើងទាំងអស់គ្នាត្រូវចូលរួមក្នុងការបញ្ឈប់ការប្រើប្រាស់ថង់ប្លាស្ទិក។

ឆ្លៀតក្នុងឱកាសនេះផងដែរលោក កែវ ផល បានមានប្រសាសន៍បន្ថែមទៀតថា បានជំរុញនិងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ សូមទុកដាក់សំរាមប្រកបដោយអនាម័យ និងមានសណ្ដាប់ធ្នាប់ល្អនៅតាមមូលដ្ឋាន ចៀសវាងការឆ្លងជំងឺផ្សេងៗ សូមចូលរួមកាត់បន្ថយការពិសាគ្រឿងកំប៉ុងដែលមានជាតិផ្អែមៗ ដើម្បីការពារនូវជំងឺផ្សេងៗ សូមចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល ចូលរួមគោរពចរាចរណ៍ផ្លូវគោកទាំងអស់គ្នា ដើម្បីការពារអាយុជីវិតរបស់ខ្លួន។