អ្នកភូមិបង្កោងនៅតែរក្សាបានទំនៀមចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបត្រៀមឡើងមាឃឬឡើងអ្នកតា

59

សៀមរាប:))នៅជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារប្រមូលផលស្រូវរួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណមិនដែលអាក់ខានម្តងណាឡើយ ក្រោយថ្ងៃជ័យជម្នះ ៧មករា ១៩៧៩មក។ រមណីយដ្ឋានអង្គរ ប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ ដែលសម្បូរទាំងមរតកអរូបី និងរូបីជាច្រើន ហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន ។ ដើមី្បរក្សានូវប្រពៃណីទំនៀមទម្លាប់ពីបុរាណដូនតាខ្មែរយើងមក បងប្អូនតែងតែនាំគ្នាប្រារព្ធពិធីចាប់ត្រីរួមមិនដែលខកខានជាលក្ខណៈសហគមន៍ គឺសម្រាប់តែសមាជិកក្នុងភូមិបង្កោងតែប៉ុណ្ណោះ ដើម្បីត្រៀមរៀបចំពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃបន្ទាប់ តាមទំនៀមទម្លាប់ពីបុរាណមក ។
លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិលបានឲ្យដឹងថា ពិធីចាប់ត្រីឡើងមាឃ ឆ្នាំ២០២៤នេះ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី១១ ខែកុម្ភៈ ត្រូវនឹងថ្ងៃ២កើត ខែមាឃ ឆ្នាំនេះត្បិតទឹកនៅក្នុងបឹង មានច្រើន មិនទាន់ស្រកចុះ ប៉ុន្តែទិន្នផលត្រីក្នុងបឹងសម្បូរណាស់ ដូច្នេះលោករំពឹងថា ប្រជាពលរដ្ឋនឹងសប្បាយរីករាយ ក្នុងការចាប់ត្រី យកទៅធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកសម្រាប់ពិធីឡើងមាឃ ។ លោកបានបន្តទៀតថា នៅព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ សំខាន់ក្មួយៗយុវជន ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផង។ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុំសម្រាស់មួយកន្លែងក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឈនៅក្នុងពីធីឡើងមាឃ។ ដោយឡែក ត្រីដែលរកបានពីបឹង ប្រជាពលរដ្ឋអាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារបាន។ អ្នកដែលមានសិទ្ធិចុះចាប់ត្រីពីក្នុងបឹងសហគមន៍នេះ អនុញ្ញាតឲ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង បានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេង អាចមានសិទ្ធិមករកត្រីនៅបឹងនេះនៅថ្ងៃបន្ទាប់បាន ។  លោកមេភូមិបានបញ្ជាក់ថា ការជួបជុំគ្នានេះ ក៏ផ្តើមចេញពីស្មារតីថ្ងៃជ័យជម្នះ ៧មករា និង ដឹងគុណសន្តិភាព ដឹងគុណនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៏ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលមានសម្ដេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃរដ្ឋសភា ទើបយើង បានជួបជុំធ្វើនេសាទរួមគ្នាយ៉ាងសប្បាយរីករាយ ។  ម៉្យាងទៀត ត្រីដែលចាប់បាននោះ  មួយផ្នែកសម្រាប់ធ្វើម្ហូបជាលក្ខណៈគ្រួសារ រៀងៗខ្លួន មួយផ្នែកទៀតទុកសម្រាប់ធ្វើទឹកនំបញ្ចុក ម្ហូបអាហារ និងចង្ហាន់ជាដើម សម្រាប់ប្រគេនព្រះសង្ឃ នៅថ្ងៃធ្វើកិច្ចពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតានៅសាលាឆាន់ក្នុងភូមិ ទៅតាមទំនៀមបុរាណមិនដែលខកខានឡើយ ៕