រដ្ឋាភិបាលអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជាដំណើរការវិញ

49

ក្រសួងមហាផ្ទៃបានអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជា ដែលធ្វើការផ្នែកដីធ្លី និងបរិស្ថានអាចដំណើរការជាធម្មតាវិញ បន្ទាប់ពីអង្គការមួយត្រូវបានបិទសកម្មភាពអស់រយៈពេលជិត ៥ ខែ ជុំវិញបញ្ហាដីធ្លីជាមួយក្រុមហ៊ុនស្ករអំពៅលោក លី យ៉ុងផាត់។

នៅល្ងាចថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នេះក្នុងជំនួបរវាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស ខេង ជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា George Edgar បានពិភាក្សាគ្នាជុំវិញការផ្អាកសកម្មភាពអង្គការសមធម៌កម្ពុជា។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិ។

តាមការចុះផ្សាយដដែលបន្តថា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចអនុញ្ញាតឲ្យអង្គការសមធម៌កម្ពុជា ដំណើរការសកម្មភាពវិញ បន្ទាប់ពីអង្គការនេះធ្វើការងារពាក់ព័ន្ធនិងបញ្ហាមួយចំនួនដូចជាការដោះស្រាយនូវជម្លោះដីធ្លីរបស់ពលរដ្ឋនៅខេត្តកំពង់ស្ពឺ ហើយដែលត្រូវបានផ្អាកជាបណ្តោះអាសន្នដោយរដ្ឋាភិបាលថាអង្គការនេះបានធ្វើសកម្មភាព បំផុសបំផុលកុំឲ្យប្រជាពលរដ្ឋ ទទួលសំណងផ្សេងៗ ពីក្រុមហ៊ុន ដែលបង្កើតឲ្យមានជម្លោះផ្សេងៗ ដែលផ្ទុយទៅនឹងច្បាប់ ។

តាមការចុះផ្សាយដដែលថា ក្រសួងមហាផ្ទៃបានអនុញ្ញាត ឲ្យអង្គការសមធម៌កម្ពុជា ដំណើរការជាធម្មតាវិញនេះ បន្ទាប់ពីអង្គការមួយនេះបានដាក់របាយការណ៍ជុំវិញការអនុវត្តការងាររបស់ខ្លួនរួចរាល់មកខាងក្រសួងមហាផ្ទៃ បន្ទាប់ពីក្រសួង បានបញ្ជាឲ្យផ្តល់របាយការណ៍បូកសរុបសកម្មភាពការងារ របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ពាក់ព័ន្ធនឹងជម្លោះជាមួយក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ និងបានព្រមានចាត់វិធានផ្លូវច្បាប់ បើមិនបានបំពេញឯកសារផ្ញើទៅក្រសួង ទាន់ពេល៕