អភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានធ្វើបង្ហាញពីផលប៉ះពាល់របស់ជនបរទេសនៅក្នុងខេត្តទេសចរណ៍ជាប់សមុទ្រមួយនេះ បន្ទាប់ពីមានការរិៈគន់ថាជនជាតិចិនមានចំនួនច្រើនកំពុងបង្កបញ្ហាប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ដទៃទៀត។
ក្នុងរបាយការណ៍ចុះថ្ងៃទី ២៤ ខែ មករា ដែលលោក យន្ត មីន ផ្ញើរជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេចក្រឡាហោម ស ខេង បានលើកឡើងក្នុងកម្មវត្ថុស្ដីពីរបាយការណ៍ស្ដីពីផលប៉ះពាល់របស់ជនជាតិបរទេសដែលស្នាក់នៅខេត្តព្រះសីហនុ។
ក្នុងរបាយការណ៍នោះបានឲ្យដឹងថា ជនបរទេសដែលកំពុងមានវត្តមាននៅក្នុងខេត្តព្រះសីហនុមានចំនួនសរុប ៦,៣៨៥នាក់ ស្មើនិង ៦១សញ្ជាតិ។ ក្នុងនោះជនជាតិចិន មានចំនួន ៤,៤៩៨នាក់ ជនជាតិឥណ្ឌូនេស៊ី ៩០៩នាក់ ជនជាតិហ្វីលីពីន ១២៧នាក់ ជនជាតិម៉ាឡេស៊ី ១២២នាក់ ជនជាតិថៃ ៧២នាក់ ជនជាតិរុស្ស៊ី ៧០នាក់ ជនជាតិវៀតណាម ៦៧នាក់ ជនជាតិបារាំង ៥៦នាក់ ជនជាតិឥណ្ឌា ៥២នាក់ ជនជាតិអង់គ្លេស ៥១នាក់ និងជនជាតិផ្សេងៗទៀត ៣៦១នាក់។
ក្នុងរបាយការណ៍បន្តថាជនបរទេសទាំងនោះ ចែកចេញ៣ប្រភេទ គឺជនបរទេសជាអ្នកវិនិយោគ, ជនបរទេសជាអ្នកទេសចរណ៍ និងជនបរទេសជាអ្នកបម្រើការក្នុងកាស៊ីណូ កម្មករសំណង់ និងអ្នកផ្តល់សេវាផ្សេងៗ។
ក្នុងរបាយការណ៍បន្ថែមថាជនបរទេសទាំងនោះផ្ដល់ទាំងផលវិជ្ជមាន និងអវិជ្ជមានដូចជា ផលវិជ្ជមានរបសរួមមាន ចំនួនរោងចក្រកើនឡើង បានផ្តល់ការងារជូនពលរដ្ឋកម្មករ-កម្មការិនីច្រើនឡើង, វិស័យដីធ្លី និងអចលនទ្រព្យមានតម្លៃកើនឡើង, សំណង់អគារពាណិជ្ជកម្មខ្ពស់ៗមានចំនួនកាន់តែច្រើន, មានសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋានធំៗ សម្រាប់ទទួលភ្ញៀវទេសចរជនជាតិចិន, កសិផល និងផលិតផលក្នុងស្រុកមានទីផ្សារល្អ។
ក្នុងរបាយការណ៍បន្តថាផលវិជ្ជមានក៏បានបង្កើនឱកាសការងារជូនប្រជាពលរដ្ឋខ្មែរបានច្រើន, ប្រាក់ចំណូលពន្ធមានការកើនឡើង, ទេសភាពទីក្រុងពេលរាត្រីមានសោភណភាព ស្រស់ស្អាត ដោយមានភ្លើងបំភ្លឺតាមដងផ្លូវ អគារសណ្ឋាគារ កាស៊ីណូ និងភោជនីយដ្ឋាននានា។
ក្នុងរបាយការណ៍នោះបន្តថាទន្ទឹមនឹងផលវិជ្ជមាន ផលអវិជ្ជមានក៏កើតមានច្រើនដូចជា បង្កឱកាសដល់ជនជាតិចិនជាពួកម៉ាហ្វីយ៉ាមួយចំនួនបន្លំចូលមកប្រព្រឹត្តបទល្មើសផ្សេងៗ និងចាប់ជម្រិតអ្នកវិនិយោគជនជាតិចិន បង្កអសន្តិសុខក្នុងខេត្ត, កម្មករបរទេសតាមការដ្ឋានសំណង់មានចំនួនច្រើនលើសពីច្បាប់កំណត់, ជនបរទេសបើកហាងរកស៊ីតូចតាច នាំឲ្យប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។
ជាមួយគ្នានោះក៏មានជនបរទេសបើករថយន្តដោយគ្មានច្បាប់អនុញ្ញាត រថយន្តជនបរទេសមួយចំនួនមានស្លាកលេខ ខ.ម, ន.ប ស្លាកសញ្ញាក្បាលតោ ហើយមិនសូវគោរពច្បាប់ចរាចរណ៍, ជនបរទេសខ្លះផឹកស៊ីស្រវឹង ស្រែកឡូឡា ឈ្លោះប្រកែកគ្នា វាយតប់គ្នានៅតាមភោជនីយដ្ឋាន និងតាមទីសាធារណៈ ហើយមានជនជាតិចិនខ្លះបានជួលផ្តាច់សណ្ឋាគារ ផ្ទះសំណាក់មួយចំនួនធំធ្វើឲ្យបាត់បង់ឱកាសផ្តល់សេវាស្នាក់នៅសម្រាប់ភ្ញៀវទេសចរណ៍ផ្សេងៗ៕