ទិន្នផលនេសាទបង្កងទឹកសាបនៅខេត្តតាកែវ កើនឡើងជិត២០ភាគរយ ក្នុងឆ្នាំ២០១៧នេះ

94

(ភ្នំពេញ)៖ ផលនេសាទដែលប្រជានេសាទទូទាំងខេត្តតាកែវ សម្រេចបានក្នុងឆ្នាំ២០១៧នេះ ទទួលបានជាង៣ម៉ឺន ៤ពាន់តោន ដោយក្នុងនោះការនេសាទបង្កងទទួលបានចំនួន៨២តោន។ ចំនួននេះគឺមានការកើនឡើងជិត២០ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ដែលសម្រេចបានត្រឹមតែ៧០តោនប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅថ្ងៃទី២៨ ខែធ្នូនេះ។

លោក សៅ កុសល នាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ បានឲ្យដឹងថា ទិន្នផលបង្កងមានការកើនឡើងនៅឆ្នាំនេះ ដោយកាលពីឆ្នាំ២០១៦ កន្លងទៅមានភ្លៀង ធ្លាក់ល្អ ទឹកបឹងឡើងខ្ពស់តាំងពីដើមរដូវ។ លោក ថា ទិន្នផលនេសាទកើនឡើងជាពិសេសបង្កងបានធ្វើអោយសេដ្ឋកិច្ចគ្រួសារបងប្អូនប្រជានេសាទ កាន់តែមានភាពល្អប្រសើរ។

គួរបញ្ជាក់ថា បង្កងលេខ១លក់បានក្នុងតម្លៃជាង៤០ដុល្លារ ក្នុងមួយគីឡូក្រាម លេខ២លក់បានក្នុងតម្លៃជាង ៣០ដុល្លារក្នុងមួយគីឡូក្រាម និងបង្កងលេខ៣ លក់បានក្នុងតម្លៃជាង ២០ដុល្លារក្នុងមួយគីឡូក្រាម៕