សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា រដ្ឋាភិបាលគ្រោងនឹងធ្វើវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីសញ្ជាតិ។
ថ្លែងក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារអត្តសញ្ញាណកម្មឆ្នាំ ២០១៤-២០១៧ និងលើកទិសដៅការងារបន្ដ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនៅរសៀលថ្ងៃទី២២ ខែមករាម្សិលមិញ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្រសួងកំពុងរៀបចំនូវលិខិតស្នាមផ្សេងៗ ដើម្បីបង្កើតនូវក្រុមការងារធ្វើវិសោធនកម្មច្បាប់ទាំងពីរស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីសញ្ជាតិ។នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរនបាលជាតិ។
ការចុះផ្សាយដដែលនោះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានធ្វើការពន្យល់ថា ការផ្តល់សញ្ជាតិ គឺជាកិច្ចការអធិបតេយ្យភាពរបស់រាជរដ្ឋាភិបាល មានន័យថា ការសម្រេចផ្តល់សញ្ជាតិដល់អ្នកស្នើសុំជាឆន្ទានុសិទ្ធិរបស់រាជរដ្ឋាភិបាល ហើយអគ្គនាយកដ្ឋានគ្រាន់តែធ្វើជាសេនាធិការលើការទទួលពិនិត្យសំណុំបែបបទ និងលើកយោបល់ ដោយផ្អែកតាមក្របខ័ណ្ឌច្បាប់ជាធរមានតែប៉ុណ្ណោះ។
ការចុះផ្សាយដដែលលើកឡើងថាតាមរបាយការណ៍បញ្ជាក់ថា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ ទទួលបានព្រះរាជក្រឹត្យផ្តល់សញ្ជាតិតូបនីយកម្មចំនួន ១១០៨ច្បាប់ ក្នុងនោះ តាមរយៈវិនិយោគទុនចំនួន ១០៥០ច្បាប់ ស្មើនឹង ១០៦៨រូប, ស្នាក់នៅ ៧ឆ្នាំចំនួន ៥៤ករណី ស្មើនឹង ៦៤រូប, ស្នាដៃពិសេស ចំនួន ៤ករណី ស្មើនឹង ៤រូប ។
ជាមួយគ្នានោះក៏ទទួលបានព្រះរាជក្រឹត្យលើការទាមទារសញ្ជាតិ និងលះបង់សញ្ជាតិបានចំនួន ១០០ច្បាប់ ស្មើ ១០១នាក់ ក្នុងនោះមានតាមរយៈអាពាហ៍ពិពាហ៍ចំនួន ៣១ច្បាប់ ស្មើនឹង ៣១នាក់, លះបង់សញ្ជាតិចំនួន ៦៩ច្បាប់ ស្មើនឹង ៧០នាក់ និងបានជូនជនបរទេសដែលទទួលបានព្រះរាជក្រឹត្យចូលសញ្ជាតិខ្មែរទៅធ្វើការស្បថនៅចំពោះមុខតុលាការកំពូលចំនួន ៧លើក ស្មើនឹង៣៥១ នាក់ផងដែរ៕