ភ្លៀងនឹងធ្លាក់ក្នុងក្របខណ្ឌទូទាំងប្រទេសចាប់ពីថ្ងៃទី២៦ ធ្នូខាងមុខនេះតទៅ

92

(ភ្នំពេញ)៖ ក្រសួងធនធានទឹកកម្ពុជា បានប្រកាសថា កម្ពុជានឹងមានភ្លៀងធ្លាក់ក្នុងក្របខណ្ឌ ស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ខាងមុខនេះ។ នេះបើតាម សេចក្តី​​ប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក​នៅថ្ងៃទី​២១ ធ្នូនេះ។

មូលហេតុដែលធ្វើឲ្យមានភ្លៀងធ្លាក់នេះ ត្រូវបានក្រសួងធនធានទឹក ពន្យល់ថា ដោយសារតែ កម្ពុជាបានរងនូវព្យុះឈ្មោះតឹមប៊ីន (TS TEMBIN) ដែលបានធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលី ពីនចូលមកក្នុងសមុទ្រចិនខាងត្បូង។

ក្រសួង បន្តថា លក្ខណៈបែបនេះនឹងធ្វើឲ្យភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខ័ណ្ឌស្ទើរទូទាំង​ប្រទេស ពីមធ្យមទៅច្រើន ពិសេសបណ្តាខេត្តដែលស្ថិតនៅជាប់តាមបណ្តាយព្រំដែនកម្ពុជា វៀតណាម។

ដោយឡែកតំបន់មាត់សមុទ្រ និងនៅលើផ្ទៃសមុទ្រ ផ្ទៃមេឃមានពពកច្រើន មានភ្លៀងធ្លាក់ពី បង្គួរទៅច្រើន មានខ្យល់បក់បោកខ្លាំង ហើយរលកសមុទ្រមានកំពស់ខ្ពស់ផងដែរ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវឲ្យប្រជាពលរដ្ឋជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរ​តាមសមុទ្រ បង្កើន​ការប្រុងប្រយ័ត្នដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗដែលអាចកើតមាន​ឡើង​ជាយថាហេតុ៕