ចាប់ពីថ្ងៃទី១៨ ធ្នូខាងមុខនេះតទៅ អាកាសធាតុនឹងចុះត្រជាក់ខ្លាំងនៅតាមតំបន់ និងខេត្តមួយចំនួនរបស់កម្ពុជា

104

(ភ្នំពេញ)៖ តំបន់ និងខេត្តមួយចំនួនរបស់កម្ពុជា នឹងចុះត្រជាក់ខ្លាំងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ធ្នូ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនៅថ្ងៃនេះ។

ក្រសួងធនធានទឹក បានឲ្យដឹងថា តំបន់ជួរភ្នំដងរែក សីតុណ្ហភាពនឹងធ្លាក់ចុះក្នុងរង្វង់១៣អង្សាសេ។ ចំណែកខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងប៉ៃលិន សីតុណ្ហភាពនឹងធ្លាក់ចុះក្នុងរង្វង់១៥អង្សាសេ។

ចំពោះខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងកោះកុង សីតុណ្ហភាពនឹងចុះត្រជាក់ក្នុង រង្វង់១៧ ទៅ១៨ អង្សាសេ។ ដោយឡែករាជធានី ខេត្ត ផ្សេងទៀត សីតុណ្ហភាពនឹងចុះត្រជាក់ក្នុងរង្វង់ពី ១៩ ទៅ២០ អង្សាសេ លើកលែងតែខេត្តកែប កំពត និងខេត្តព្រះសីហនុ មិនសូវចុះត្រជាក់ខ្លាំង។

បើយោងតាមការប្រកាសរបស់ក្រសួងធនធានទឹក បានឲ្យដឹងថាកាលពីថ្ងៃទី១៣ ធ្នូកន្លងទៅនេះ បានបញ្ជាក់ថា ការចុះត្រជាក់ខ្លាំងនេះ គឺដោយសារកម្ពុជាទទួលរងនូវសម្ពាធខ្ពស់ពីប្រទេសចិន ដោយនាំមកនូវ ខ្យល់មូស្យុងឥសានខ្លាំងមកជាមួយផងដែរ៕