សមត្ថកិច្ចខេត្តបន្ទាយមានជ័យប្រទះឃើញឈើក្រញូងជាច្រើនដុំ បង្កប់នៅក្នុងស៊ីទែនរថយន្តដឹកសាំ ១គ្រឿង ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ ហើយត្រូវបានសមត្ថកិច្ចឃាត់រក្សាទុកអស់រយៈពេល ៧ ខែមកហើយ។
នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី ២១ ខែ មករានេះបានឲ្យដឹងថា រថយន្តដឹកស៊ីទែនសាំង មួយគ្រឿងបានបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវបានឃាត់ទុក៧ខែនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយត្រូវអាជ្ញាធរសង្ស័យវះឃើញសុទ្ធតែឈើក្រញូងចំនួន២,៦១០ដុំ ។
តាមការចុះផ្សាយដដែលកាលពីអំឡុងខែឧសភា ឆ្នាំ២០១៧ មានរថយន្ត១គ្រឿងដឹកស៊ីទែនសាំងដែលពាក់ស្លាក់លេខភ្នំពេញ 3C-0213 បានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តខូចពេលយប់ចតចោលលើចិញ្ចើមផ្លូវគ្មានដាក់ស្លាកសញ្ញា ហើយត្រូវម៉ូតូ ១គ្រឿងជិះគ្នា២នាក់ បានបុកពីក្រោយបណ្តាលឲ្យស្លាប់ម្នាក់នៅហ្នឹងកន្លែងនិងម្នាក់ទៀតរបួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។
ការចុះផ្សាយដដែលបន្តថា ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើងកម្លាំងនគរបាលជំនាញចុះទៅធ្វើការវាស់វែងហើយយករថយន្តដែលបង្កហេតុនោះមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។
ការចុះផ្សាយនោះបន្ថែមថាដោយរយៈពេល ៧ ខែ គ្មានអ្នកចូលដោះស្រាយទើប កម្លាំងជំនាញបានធ្វើការពិនិត្យរថយន្តដោយវះស៊ីសាំងផ្នែកខាងក្រោយ ក៏ឃើញសុទ្ធតែឈើក្រញូងសរុបចំនួន២,៦១០ដុំ។
ការចុះផ្សាយនោះក៏លើឡើងដែរថាក្រោយពេលពិនិត្យរួចរាល់វត្ថុតាងឈើក្រញូងទាំងនោះ ត្រូវបានប្រគល់ជូនអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដឹកយកទៅរក្សាទុកនៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕