រដ្ឋាភិបាលថាបទល្មើសគ្រឿងញឿនកើនឡើងជាង ៩២ភាគរយ

84

ក្រសួងមហាផ្ទៃថាករណីបទល្មើសគ្រឿងដែលបង្ក្រាបបានក្នុងឆ្នាំ ២០១៧ មានការកើនឡើងជាង ៩២​ភាគរយ បើ​ប្រៀបធៀបនឹងឆ្នាំ ២០១៦។

ការលើកឡើងបែបនេះនៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨នេះ​ក្នុងសន្និបាតបូកសរុប​លទ្ធ​ផល​ការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៧ និងទិសដៅ​ការងារ​​ឆ្នាំ២០១៨ និងកិច្ចប្រជុំបូកសរុប​លទ្ធ​ផល​​នៃ​ការអនុវត្តផែនការយុទ្ធនាការ​ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុស​ច្បា​ប់​លើកទី២ ឆ្នាំ២០១៧។នេះបើតាមការ​ចុះ​ផ្សាយ​របស់អគ្គស្នងការនគរបាលជាតិ។

ការចុះផ្សាយនោះបានលើកយកប្រសាសន៍របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ​ប្រ​យុទ្ធ​ប្រឆាំង​គ្រឿងញៀន ថាកាលពីឆ្នំា២០១៧​ កន្លងទៅ បទល្មើសគ្រឿងញៀនបង្រ្កាបបាន ៨ ១៧៣ ករណី ហើយ​​ចំនួន​នេះ​កើនឡើង ៩២,៤៨ភាគរយ បើប្រៀបធៀបឆ្នាំ២០១៦ ដែលអាជ្ញាធរបង្ក្រាបបាន​ត្រឹមតែ​ ៤ ២៤៦ ករណី ប៉ុនណោះ។

ការចុះផ្សាយដដែលបន្តថាការបង្ក្រាបបទល្មើសនោះឃាត់ខ្លួនបាន ជនសង្ស័យចំនួន ១៧ ៧៩៥នាក់ ចំនួននេះ កើនឡើង​ ៧ ៨៦២នាក់ បើធៀបនឹងឆ្នាំ២០១៦ ហើយរឹបអូសគ្រឿងញៀនជិត ៣០០គីឡូក្រាម ។

ការចុះផ្សាយនោះបន្ថែមថា សម្រាប់ឆ្នាំ២០១៧នេះ ក្រុមការងារបានបន្សាបគ្រឿងញៀន ដល់អ្នកញៀនគ្រឿង​ញៀន​បានប្រមាណជាង ១០ ០០០នាក់ ហើយបានបញ្ជូនឲ្យត្រឡប់ទៅផ្ទះរបស់ពួកគេវិញចំនួនជាង ៨០០០​នាក់ ប៉ុន្តែក្នុងចំណោមនោះមាន ចំនួយជាង ១០០០នាក់បានត្រឡប់ទៅរកការប្រើប្រាស់គ្រឿងញឿនវិញ ។

ការចុះផ្សាយដដែលនោះក៏បានលើកឡើងដែរថានាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ជាប្រធានអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន បានជម្រុញដល់មន្រ្តីពាក់ព័ន្ធ​ទាំងអស់ឲ្យបង្កើនការទប់ស្កាត់ការនាំចូលគ្រឿង​ញៀន​ពីច្រក​ព្រំដែន​ឡាវ ខណៈការនាំចូលគ្រឿងញៀនពីតំបន់ភាគឦសាន្តនេះ នៅតែមានកម្រិតខ្ពស់ជាង​តំបន់​ផ្សេងៗ​ទៀត​នោះ​៕