ស្ថានទូតប្រកាសពីការបន្តភាពស្របច្បាប់ដល់ពលករនៅថៃ

52

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃប្រកាសពីការបន្តសុពលភាពស្នាក់នៅ និងធ្វើការដល់ពលករ នៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០១៨។

ក្នុងសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ០២ ខែកុម្ភៈស្ថានទូតកម្ពុជានៅក្នុងប្រទេសថៃបានឲ្យដឹងថាអាជ្ញាធរថៃបានបើកដំណើរការការិយាល័យច្រកចេញចូលតែមួយ ៧៦ កន្លែងទូទាំងប្រទេសដើម្បីផ្ដល់សុពលភាពការ ស្នាក់នៅ និងធ្វើការជូនដល់ពលករកម្ពុជា។

ក្នុងសេចក្ដីជូនដំណឹងដដែលស្ថានទូតឲ្យពលករដែលកាន់ប័ណ្ណមិនមែនសញ្ញាតិថៃ (ប័ណ្ណស៊ីជំពូ) លិខិតទំនាក់ទំនងរវាងពលករ និង និយោជក និងសៀវភៅធ្វើការផ្នែកនេសាទ (Seabook) ឲ្យប្រញាប់រួសរាន់ទៅចុះឈ្មោះ ពន្យាសុពលភាពការស្នាក់នៅ និង ធ្វើការនៅតាមការិយាល័យច្រកចេញចូលតែមួយដែលមានទីតាំងនៅខេត្តដែលពលករធ្វើការ។

ក្នុងសេចក្ដីជូនដំណឹងដដែលការធ្វើការពន្យាសុពលភាពដល់ពលករនេះនឹងចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី ០៥ ខែ កុម្ភៈនេះ រហូតដល់ ៣១ ខែ មីនា ឆ្នាំ ២០១៨។

សេចក្ដីជូនដំណឹងដដែលបន្តថាករណីពលករមានចម្ងល់ទាក់ទងនឹងការពន្យាសុពលភាពស្នាក់នៅ និងធ្វើការនេះ អាចទាក់ទងទៅកាន់មន្រ្តីស្ថានទូតកម្ពុជានៅទីក្រុងបាងកកដែលមានលេខ ០២ ៩៥៧ ៥៨៥១, ០៨៦ ៧៩៩ ៩៩៥៧, ០៩៤ ០៩២ ៥៩០៥, ០៦៤ ៧៥៤ ៧៤០១, ០៨២ ៤២២ ០០១១ និង ០៨២ ៤២២ ០០៤៤៕