ម្ចាស់ជ័យលាភីធ្វើឡូហ្គោខួបអនុស្សាវរីយ៍៦៥ឆ្នាំនៃទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជា គឺបានទៅលើអ្នកសៀមរាប

98

(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជានៅថ្ងៃនេះ បានប្រកាសជ័យលាភីប្រកួតប្រជែងអ្នក​បង្កើត​ឡូហ្គោ​ខួប​អនុស្សាវរីយ៍​​៦៥​ឆ្នាំនៃទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជាជាផ្លូវការ។ ក្នុង​ចំណោម​ឡូហ្គោចំនួន​៣១ដែលបានចូលរួមប្រកួតប្រជែងនេះ គឺឡូហ្គោរបស់លោក ចាន់ ទេពខេមរិន្ទ នៅខេត្តសៀមរាបបានជាប់ជ័យលាភីជាផ្លូវការ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២០ ធ្នូនេះ។

ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានពន្យល់ថា អត្ថន័យនៃឡូហ្គោដែលត្រូវបានសរសេររៀបរាប់ ដោយបេក្ខជនជ័យលាភីនេះ គឺឡូហ្គោនេះមានទម្រង់ជារូបផ្លិតក្រដាសជប៉ុន និងកម្ពុជា ដោយ រចនាផ្សំទង់ជាតិប្រទេសទាំងពីរនៅលើផ្លិត ដើម្បីបង្ហាញអំពីមិត្តភាពបើកយ៉ាងទូលំទូលាយ រវាងកម្ពុជា និងជប៉ុន។

លោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានឲ្យដឹងថា« ឡូហ្គោនេះ មានគូរទង់ជាតិកម្ពុជា និងជប៉ុននៅលើផ្លិតដ៏ស្រស់ស្អាត ហើយលោក សង្ឃឹមថា មិត្តភាព ជប៉ុន-កម្ពុជា នឹងរីកសាយធំឡើងដូចផ្លិតបើកនេះពេញមួយឆ្នាំ»៕