សម្ដេច ស ខេង ស្នើរជប៉ុនឲ្យបន្តទទួលយកពលករជំនាញទៅធ្វើការ

60
សម្ដេច ស ខេង ក្នុងកិច្ចប្រជុំពិភាក្សាការងាររវាងកម្ពុជា និង​ជប៉ុន។រូបពីវេបសាយ អគ្គស្នងការនគរបាលជាតិ។
កិច្ចប្រជុំពិភាក្សាការងាររវាងកម្ពុជា និង​ជប៉ុន។រូបពីវេបសាយ អគ្គស្នងការនគរបាលជាតិ។

សម្ដេច​​ក្រឡា​ហោម​ ស​ ខេ​ង​ រដ្ឋមន្ត្រីក្រសួង​ មហាផ្ទៃ​ បានស្នើរ​ទៅភាគី​ជប៉ុន​ឲ្យ​បន្ត​ទទួល​យក​ពលករ​ជំនាញ​របស់​កម្ពុជា​ទៅ​ធ្វើ​ការ ដើម្បី​ឲ្យ​ពួក​គេមាន​ឱកាស​ទទួល​បាន​បទពិសោធន៍​ថ្មីៗ។

​សម្ដេច ស ខេងបានស្នើរ​ទៅ​កាន់​ភាគី​ជប៉ុន​បែបនេះ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ ការងាររវាង​កម្ពុជា​​ជាមួយ​​អភិបាល​ខេត្ត​ Ehime​ របស់​ប្រទេស​​ជប៉ុន លោក Takihiro​ Nakamura នា​រសៀល​​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០១៨ ម្សិលមិញ។ នេះបើតាមការ​ចុះផ្សាយ​របស់​គេហ​ទំព័រ​អគ្គស្នង​ការ​នគរបាល​ជាតិ។​

ការចុះផ្សាយ​ដដែល​បានឲ្យ​ដឹងថា​ក្នុង​​ជំនួប​​នោះ​​សម្ដេច ស ខេង​ បាន​ស្នើ​​ដោយ​​ត្រង់​​ទៅ​ភាគី​​ជប៉ុន​​ឲ្យ​បន្ត​ជួយ​ ទទួល​យក​ពលករ​​ជំនាញ​​របស់​កម្ពុជា​​ទៅ​ធ្វើការ​​នៅ​ខេត្ត​ Ehime​ របស់​​ប្រទេស​​ជប៉ុន​ ដោយសារ​បច្ចុប្បន្ន​​ពលករ​​​កម្ពុជា​​ទៅ​ធ្វើ​ការ​​នៅ​ ខេត្ត​មួយ​នេះ​នៅ​​មាន​ចំនួន​​តិច​​នៅឡើយ​ បើ​ប្រៀបធៀប​​ជាមួយ​នឹង​​ពលករ​ នៃ​ប្រទេស​​ដទៃទៀត​។​

​សម្តេច​​ ស​ ខេ​ង​ បាន​បន្ថែម​ថា​បច្ចុប្បន្ន​នេះ​ រាជរ​ដ្ឋា​ភិ​បាល​​ជប៉ុន​ បាន​ជួយ​​កម្ពុជា​​យ៉ាង​ច្រើន​​ក្នុង​​វិស័យ​​អប់រំ​​ ដែល​​ធ្វើ​ឲ្យ​​យុវជន​កម្ពុជា​​ទទួល​​បាន​ចំណេះ និង​ជំនាញ​ ដើម្បី​​ចូលរួម​​​អភិវឌ្ឍ​​ប្រទេស​​កម្ពុជា​​ឲ្យ​​មានការ​រីក​​ចម្រើន​​ ដូច្នេះ​ការ​​ផ្ដល់​ការងារ​​ធ្វើ​ គឺជា​កត្តា​សំខាន់​​ដែល​​ជំរុញ​ឲ្យ​ពួក​គេ​​អាច​ទទួល​​បាន​នូវ​​បទ​ពិសោធន៍​ថ្មីៗ ​បន្ថែម​ទៀត​។

ជាការឆ្លើយ​​តប​លោក​ Takihiro​ Nakamura​ អភិបាលខេត្ត​ Ehime​ របស់​ប្រទេស​ជប៉ុន​ បាន​ឲ្យ​ដឹង​ថា​ ខេត្ត​លោក​ បាន​ចុះ​កិច្ច​ព្រម​ព្រៀង​​ជាមួយ​​ភាគី​​កម្ពុជា​​តាម​រយៈ​​ក្រសួង​ ការងារ​កម្ពុជា ​ដើម្បី​ជ្រើសរើស​ពលករ​ជំនាញ​កម្ពុជា​ទៅ​ធ្វើការ​នៅ​ប្រទេស​ ជប៉ុន​បន្ថែម​ទៀត​៕