ជនជាតិចិនចំនួន ១២ នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់នៅភ្នំពេញ។
តាមការចុះផ្សាយលើវេបសាយអគ្គស្នងការនគរបាលជាតិកាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨ បានឲ្យដឹងថាសមត្ថកិច្ចចំរុះ បានចុះត្រួតពិនិត្យការដ្ឋានសំណង់ និងកន្លែងស្នាក់នៅរបស់ជនជាតិចិនដែលស្ថិតនៅផ្លូវ២៧៣ និងផ្លូវV១-១៣ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយបានឃាត់ខ្លួនជនជាតិចិនចំនួន ១២ នាក់ដែលគ្មានលិខិតឆ្លងដែន។
អគ្គស្នងការនគរបាលជាតិបន្តថាជាមួយគ្នានោះដែរក៏មានជនជាតិចិន ២២នាក់ទៀតមានលិខិតឆ្លងដែន តែមិនមានសៀវភៅការងារក៏ត្រូវបានសមត្ថកិច្ច ដកហូតលិខិតឆ្លងដែន ហើយ បញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។
ថ្ងៃជាមួយគ្នានោះដែរកម្លាំងនគរបាលអន្តោប្រវេសន៍នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានឃាត់ ខ្លួនជនជាតិចិនចំនួន ៥០ នាក់ដែរ ដើម្បីពិនិត្យមើលឯកផ្លូវច្បាប់(ប៉ាស្ព័រ)។
មន្ត្រីនគរបាលអន្តរប្រវេសន៍បានបញ្ជាក់ថាការឃាត់ខ្លួនជនជាតិចិនចំនួន ៥០នាក់នោះ គឺជាការពង្រឹងការងារលើជនអន្តោប្រវេសន៍ដែលមករស់នៅនឹងធ្វើការនៅកម្ពុជា៕