រដ្ឋមន្រ្តីក្រសួងព័ត៌មានហាមមិនអោយវិទ្យុ ទូរទស្សន៍ក្នុងស្រុកទាំងអស់ចាក់ផ្សាយ​ចម្រៀង​«គ្រូបង្រៀនស្រវឹងស្រា»របស់ផលិតកម្មថោន

71

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ តាមរយៈលិខិតចុះថ្ងៃទី១៩ ធ្នូ បានធ្វើ ការហាមប្រាមវិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងអស់ចាក់ផ្សាយបទចម្រៀងដែលមាន ចំណង​ជើង​ថា«គ្រូបង្រៀនស្រវឹងស្រា» ដែលច្រៀងដោយលោកស្រី ចេន សាយថៃ របស់​ផលិត​កម្មថោន។ លោក ខៀវ កាញារីទ្ធ ចាត់ទុកចម្រៀងមួយបទនេះ គឺជាមានខ្លឹមសារបន្តុះ​បង្គាប់ គ្រូបង្រៀន។

ក្នុងលិខិតរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ខ្លឹមសារនៃបទចម្រៀងនេះ បានប្រាសចាកអំពីអកប្បកិរិយា និងសីលធម៌ថ្លៃថ្នូររបស់គ្រូបង្រៀនទូទៅធ្វើឲ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។ លោក ថា បទចម្រៀងមួយបទនេះ បានធ្វើឲ្យមានប្រតិកម្មពីសំណាក់​មហា​​ជនទូទៅ និងជិះឥទ្ធិពលមិនល្អដល់សង្គមទាំងមូល ហើយខ្លឹមសារនៃបទចម្រៀងនេះ បានដក់ជាប់នឹងអារម្មណ៍របស់កុមារ ដែលពុំទាន់មានមូល ដ្ឋាននៃការពិចារណា​ច្បាស់​លាស់​នៅ​ឡើយ។

លោក យឹម តាស្រង់ អ្នកនិពន្ធ និងទំនុកច្រៀនៃបទ«គ្រូបង្រៀនស្រវឹងស្រា» របស់ផលិតកម្ម​ថោន បានឲ្យដឹង​ថា បទចម្រៀងនេះ គឺមិនមែនអត្ថន័យសំដៅលើលោកគ្រូ​បង្រៀនទាំង​អស់​នោះ​ទេ​។ ប៉ុន្តែគ្រាន់តែ​សំដៅលើលោកគ្រូបង្រៀនមួយចំនួននៅ​តាមស្រុកស្រែជនបទ​ដែល​លោក​ធ្លាប់ដឹង។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់នៅក្នុងលិខិតថា ដើម្បីជៀសវាងផលអវិជ្ជមាន និង ប៉ះពាល់ដល់អារម្មណ៍ កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់គ្រូបង្រៀនទូទៅពីការផ្សព្វផ្សាយ​ចម្រៀង​​នេះ ក្រសួងស្នើឲ្យម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងអស់ចាក់ផ្សាយ បទចម្រៀងនេះចាប់ពីថ្ងៃចេញលិខិតនេះតទៅ៕