សាលារាជធានីភ្នំពេញគ្រោងសាងសង់ទីតាំងចំនួន៦ សម្រាប់ធ្វើស្ថានីយ៍អ្នកដំណើរសេវាដឹកជញ្ជូនផ្លូវទឹកតាមដងទន្លេ

107

(ភ្នំពេញ)៖ រដ្ឋបាលសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ បានឲ្យដឹងថា សាលារាជធានីភ្នំពេញ​គ្រោងនឹងសាងសង់ទីតាំង ចំនួន៦ សម្រាប់ធ្វើជាស្ថានីយ៍អ្នកដំណើរ សម្រាប់សេវាដឹក​ជញ្ជូនផ្លូវទឹក​តាម​ដងទន្លេ ចាប់ពីស្ពានព្រែក​ព្នៅ​ដល់ក្រុងតាខ្មៅ។

គម្រោងសាងសង់ស្ថានីយ៍និងផែ ចំនួន៦ទីតាំងនោះ រួមមាន៖ ទីតាំងក្រោម​ស្ពាន​ព្រែកព្នៅ ទីតាំងសួនច្បារប្រជាធិបតេយ្យឫស្សីកែវ ទីតាំងកំពង់​​ផែ​ភ្នំពេញ ទីតាំងអតីតកប៉ាលណាហ្កា ខាងជើង​ដអរិយក្សត្រ ទីតាំងភូមិដើមច័ន្ទច្បារអំពៅ និងទីតាំងក្រុងតាខ្មៅ។

ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(សាខាជ្រោយចង្វារ) កាលពីថ្ងៃទី២១ ខែធ្នូ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈ បានឲ្យ​ដឹងថា ក្រសួងនឹងខិតខំធ្វើយ៉ាងណាឲ្យការដឹកជញ្ជូនអ្នកដំណើរតាមកាណូតនេះ នឹងរួចរាល់នៅមុនចូល​ឆ្នាំខ្មែរ ឆ្នាំ២០១៨ខាងមុខនេះ។

លោករដ្ឋមន្រ្តី បន្តថា មធ្យោបាយដឹកជញ្ជូនអ្នកដំណើរតាមកាណូតនេះ គឺនឹងធ្វើដំណើរពីព្រែកព្នៅ មករាជ​ធានីភ្នំពេញ ហើយពីរាជធានីភ្នំពេញ ទៅទីក្រុងតាខ្មៅ ដោយមានការសាងសង់នូវស្ថានីយ៍​ចំណតតូចៗ​ផងដែរ ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍នៅតាមដងផ្លូវ៕