ពលរដ្ឋម្នាក់ត្រូវបានសមត្ថកិច្ចបាញ់ចំបណ្ដាលឲ្យស្លាប់នៅពេលសមត្ថកិច្ចចុះប្រតិបត្តិការ បង្ក្រាបសង្វៀនជល់មាន់មួយកន្លែងស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមការចុះផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះថា «សង្គម និងយុត្តិធម៌» បានឲ្យដឹងថា បុរសម្នាក់ ត្រូវបាន បាញ់ស្លាប់នៅម៉ោងជាង ១០ព្រឹកថ្ងៃអាទិត្យម្សិលមិញ អំឡុងពេលនគរបាលចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែងនៅក្នុងខណ្ឌពោធិ៍សែនជ័យ ជាមួយរូបថតដែលត្រូវបានចែកចាយ បង្ហាញថាបុរសនោះប្រឡាក់ទៅដោយឈាម និងមានស្នាមត្រូវគ្រាប់កាំភ្លើងនៅត្រង់ដើមទ្រូងផ្នែកខាងស្ដាំនៅជិតបំពង់ក។
តាមការចុះផ្សាយដដែលបន្តថាបុរសដែលត្រូវបានសមត្ថកិច្ចបាញ់ចំបណ្ដាលឲ្យស្លាប់នោះឈ្មោះ ឈៀក រ៉ន អាយុ ៣៣ឆ្នាំ ជាកម្មកររោងចក្រមួយស្ថិតក្នុងសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យស្នាក់នៅបន្ទប់ជួលជាន់ទី៣ ក្បែរកន្លែងកើតហេតុ និងមានស្រុកកំណើតភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។
ជាមួយគ្នានោះដែរក្នុងវីដេអូខ្លីបមួយបង្ហោះនៅក្នុងបណ្ដាញហ្វេសប៊ុក ស្ត្រីម្នាក់ដែលអះអាងថាជាប្រពន្ធបានស្រែកយំជាមួយនឹងការលើកឡើងថាសមត្ថកិច្ចបាញ់កាំភ្លើងផ្ដេសផ្ដាសបណ្ដាលឲ្យចំប្ដីគាត់ដែលកំពុងឈរនៅខាងមុខបន្ទប់ជួលបណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ទាក់ទងនឹងករណីនេះអ្នកសារព័ត៌មានយើងព្យាយាមស្វែងរកការបកស្រាយពីអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ ប៉ុន្តែទូរស័ព្ទចូលគ្មានអ្នកទទួល។
ក្នុងវីដេអូខ្លីបដដែលនោះ ស្រ្តីដែលអះអាងថាជាប្រពន្ធជនរងគ្រោះនោះ ក៏បានស្រែកយំ ទាមទារឲ្យមានការទទួលខុសត្រូវ និងសងប្ដីរបស់នាងឲ្យបានវិលត្រឡប់មកវិញ៕