មុខមាត់ថ្មីនៃស្ថានីយ៍រាជាយស្ម័យយានក្រុងប៉ោយប៉ែតក្រោយជួសជុល

88

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី០៣ ខែកុម្ភៈ​កន្លងទៅថ្មីៗនេះ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបង្ហាញ រូបភាពស្ថានីយ៍រថភ្លើងប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មុននិងក្រោយការជួសជុលកែលម្អ។ ស្ថានីយ៍ រថភ្លើងមួយនេះមានផ្ទៃក្រឡាដីទំហំ ៧១,៨០៧ ម៉ែត្រការ៉េ ដែលត្រូវបានកសាងតាំងពីសម័យអាណានិគមនិយម បារាំងមកម្ល៉េះ ហើយជាអកុសល វារងការខូចខាត មានសភាពចាស់ទ្រុឌទ្រោម ដោយសារសម័យសង្រ្គាម។

គម្រោងជួសជុលនិងស្តារឡើងវិញនូវស្ថានីយ៍រថភ្លើងប៉ោយប៉ែតស្ថិតក្រោមការគ្រប់គ្រងម៉ៅការដោយ នាយកដ្ឋានផ្លូវដែក ផ្តល់ទីប្រឹក្សាបច្ចេកទេសដោយ ក្រុមហ៊ុននីប៉ុងកូអេ (NIPPON KOEI CO.,LTD) និងផ្តល់ហិរញ្ញ វត្ថុដោយថវិការាជរដ្ឋាភិបាលកម្ពុជា។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅមុនឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិខ្មែរខាងមុខ។

យោងតាមសេចក្តីប្រកាសរបស់នាយកដ្ឋានផ្លូវដែក ស្ថានីយ៍នេះជាស្ថានីយ៍អន្តរជាតិ ដែលបម្រើប្រតិបត្តិការ ខ្សែរថភ្លើងរវាងព្រះរាជាណាចក្រកម្ពុជា និង ព្រះរាជាណាចក្រថៃ។ ទន្ទឹមនឹងនេះ ក្រសួងសាធារណការក៏កំពុងតែខិត ខំស្តារផ្លូវដែកពីពោធិ៍សាត់ បាត់ដំបង ប៉ោយប៉ែត ទៅកាន់ព្រំប្រទល់ប្រទេសកម្ពុជា-ថៃ ក្នុងប្រវែង២១៦គីឡូម៉ែត្រ។

លោក វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ថា នៅឆ្នាំ២០២០ខាងមុខ ប្រជាពលរដ្ឋកម្ពុជាមិនចាំបាច់ជិះយន្តហោះ រថយន្តក្រុង ឬ តាក់ស៊ី ទៅកាន់ប្រទេសថៃទៀតទេ ដោយសារខ្សែរថភ្លើង ពីភ្នំពេញទៅទីក្រុងបាងកក ប្រទេសថៃ នឹងត្រូវតភ្ជាប់​ ហើយរថភ្លើងដែលនឹងគ្រោងដាក់ដំណើរការនោះអាចផ្ទុកអ្នក ដំណើរ និង ទំនិញបាន១៥តោន៕