សម្តេច ហ៊ុន សែន ណែនាំមន្រ្តីរដ្ឋាភិបាលកុំអោយឆ្លងឆ្លើយជាមួយអតីតបក្សប្រឆាំង

47

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានណែនាំមិនឲ្យមន្រ្តីរដ្ឋាភិបាលរបស់លោក ឆ្លងឆ្លើយតទៅទៀត ជាមួយអតីតគណបក្សប្រឆាំង ដោយសម្តេចចាត់ទុកថា ពួកគេ គឺជាអ្នកនៅក្រៅច្បាប់។

សម្តេច ហ៊ុន សែន បន្តថា កុំសង្ឃឹមថា គណបក្សប្រឆាំងដែលរំលាយហើយនោះ អាចរស់ឡើងវិញ ហើយកម្ពុជាមិនមែនជាចំណាប់ខ្មាំងរបស់(គណបក្សប្រឆាំង)នោះទេ។

ថ្លែងនៅចំពោះមុខកម្មករនៅថ្ងៃទី២០ ធ្នូនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា បើទោះ បីជាគណបក្សសង្រ្គោះជាតិដែលរំលាយដោយអំណាចសាលដីការបស់តុលាការកំពូល មិនបង្កើតគណបក្សថ្មីក៏ដោយ ក៏​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជាដើរទៅមុខដែរ។

ការប្រកាសរបស់សម្តេច ហ៊ុន សែន នេះ គឺធ្វើឡើងបន្ទាប់ពីអតីតអនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានសរសេរលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ ថា អតីតសមាជិកគណបក្សសង្រ្គោះជាតិនឹងមិនបង្កើតគណបក្សថ្មីតាមការគូសវាសរបស់សម្តេច ហ៊ុន សែននោះទេ។

លោក អេង ឆៃអ៊ាង បានហៅការចង់ឲ្យបក្សប្រឆាំងបង្កើតគណបក្សថ្មីមួយទៀតដើម្បីចូល រួមការបោះឆ្នោតជាតិខាងមុខ របស់សម្តេច ហ៊ុន សែន គឺជាយុទ្ធសាស្ត្រនយោបាយ ស្រាយ​សម្ពាធ​អន្តរជាតិរបស់សម្តេច ហ៊ុន សែន៕