គ.ជ.ប ទាត់ចោលការលើកឡើងថា ការបោះឆ្នោតខាងមុខនឹងមិនស្របច្បាប់ ពេលគ្មានវត្តមានបក្សប្រឆាំង

61

(ភ្នំពេញ)៖ ក្រុមការងារប្រតិកម្មព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានធ្វើការច្រានចោលចំពោះការលើកឡើងដែលថា ការបោះឆ្នោតជ្រើសរើសតាំងតំណាង រាស្រ្តនីតិកាលទី៦ ឆ្នាំ២០១៨ ខាងមុខនេះនឹងមានលក្ខណៈស្របច្បាប់។ គ.ជប ចាត់ទុកការលើកឡើងបែបនេះគឺជាការធ្វើការវិនិច្ឆ័យនៅពេលការបោះឆ្នោតមិនទាន់ដំណើរការហើយក៏ជាការខុសទៅនឹងច្បាប់ស្តីពីបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តផងដែរ។

ការលើកឡើងរបស់ស្ថាប័នបោះឆ្នោតមួយនេះ គឺធ្វើឡើងស្របពេលដែលមន្រ្តីជាន់ខ្ពស់អតីតគណបក្សសង្រ្គោះជាតិ និងប្រទេសនៃសហគមន៍អន្តរជាតិមួយចំនួន ដែលរួមមាន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានលើកឡើងពីភាពស្របច្បាប់នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ របស់កម្ពុជាក្នុងពេលខាងមុខនេះ ថានឹងមិនអាចទទួលយកបាន និងមិនភាពស្របច្បាប់នៅពេលអវត្តមានគណបក្សប្រឆាំង។

ក្នុងសេចក្តីបំភ្លឺក្រោមចំណងជើងថា គ.ជ.ប គឺជាស្ថាប័នកំពូលរបស់ជាតិ និងប្រជាជនកម្ពុជា ចុះថ្ងៃទី២១ ធ្នូនេះ ស្ថាប័នបោះឆ្នោតមួយនេះ បានលើកយកច្បាប់បោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តមកធ្វើការបញ្ជាក់ថា គ្មានមាត្រាណាមួយនៅក្នុងច្បាប់មួយនេះ ចែងពីការបោះឆ្នោតត្រូវតែមានការចូលរួមពីគណបក្សប្រឆាំង ហើយបើគណបក្សប្រឆាំងមិនចូលរួម ការបោះឆ្នោតនោះនឹងមិនមានលក្ខណៈស្របច្បាប់នោះទេ។

ជាមួយគ្នានេះ ក្នុងដំណើរចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត គ.ជ.ប មិន ដែលបានធ្វើចំណាត់ថ្នាក់ប្រភេទគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាល់តែសោះ ពោល គឺការចុះបញ្ជីគណបក្សនយោបាយទាំងឡាយណា ដែលបានចុះបញ្ជីយ៉ាងត្រឹមត្រូវ ស្របច្បាប់ស្តីពីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។

គ.ជ.ប ក៏បានលើកយកមាត្រា ១៥០ (ពីរ) ត្រង់ជំពូក ១៥ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញកម្ពុជា ដែលចែងថា ស្ថាប័ន គ.ជ.ប គឺជាស្ថាប័នតែមួយគត់ ដែលមានសមត្ថកិច្ចរៀបចំ ចាត់ចែង និងគ្រប់គ្រងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភ និងការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្ត ព្រមទាំងការបោះឆ្នោតផ្សេងៗទៀត តាមការកំណត់នៃច្បាប់។

ត្រង់ចំណុចនេះ គ.ជ.ប ថា ខ្លួនគ្មានជម្រើសអ្វីក្រៅតែពីការអនុវត្តភារកិច្ចរបស់ខ្លួនស្របទៅ តាមច្បាប់ដោយឯករាជ្យ និងអព្យាក្រឹត្យដើម្បីធានាថា ការបោះឆ្នោតមួយលើកៗប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។ គ.ជ.ប ថា គ្មានអ្វីដែលត្រូវរាំងស្ទះនោះទេសម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងពេលខាងមុខ ដែលនឹងប្រព្រឹត្តទៅតាម ការគ្រោង គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨៕