សម្តេច ស ខេង ណែនាំឲ្យមេប៉ុស្តិ៍រដ្ឋបាលទូទាំងប្រទេសពន្យល់ប្រជាពលរដ្ឋពីមូលហេតុរំលាយបក្សប្រឆាំង

49

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកម្ពុជា សម្តេច ស ខេង បានណែនាំឲ្យមេប៉ុស្តិ៍រដ្ឋបាលនៅទូទាំង​ប្រទេស បង្កើនការចុះពន្យល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យពួក គាត់បានយល់ពីមូល​ហេតុ​នៃការរំលាយគណបក្សសង្រ្គោះជាតិ ខណៈដែលក្រោយការ​រំលា​យ​មានប្រជាពលរដ្ឋមួយចំនួននៅ​តាមមូល​ដ្ឋានមិនទាន់ដឹងច្បាស់ពីការរំលាយនេះ។

សម្តេច ស ខេង បានលើកឡើងថា មេប៉ុស្តិ៍រដ្ឋបាល ត្រូវ​ផ្សព្វផ្សាយឲ្យប្រជាពល​រដ្ឋមូលដ្ឋាន​របស់​ខ្លួន បានឲ្យដឹងនូវឧបាយកលអាក្រក់ក្នុងការចង់ផ្គួលរំលំរដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់ ពីសំណាក់លោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធ​នាគារ និងគណបក្ស​ខ្លួន ដើម្បីជៀសវាងការយល់ច្រឡំរបស់ប្រជាព លរដ្ឋមកលើរដ្ឋាភិបាល។

ថ្លែងក្នុងសន្និបាតស្តីពីការពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងប្រទេស លើកទី២ នៅព្រឹ​ក​ទី១២ ធ្នូនេះ សម្តេច ស ខេង បានមានប្រសាសន៍ថា ការរំលាយបក្សប្រឆាំង និង​ការហាមឃាត់មន្រ្តីបក្ស​នេះ​មិនឲ្យធ្វើ​នយោបាយចំនួន៥ឆ្នាំ តាមអំណាចសាលដីការបស់ តុលាការកំពូលមានសាធារណជនជាច្រើន​បានយល់ និងគាំទ្រចំពោះចំណាត់របស់រដ្ឋាភិបាល និងតុលាការ។

តែទោះបីជាយ៉ាងណាក៏ដោយ សម្តេច ថា ក៏នៅមានប្រជាពលរដ្ឋមួយចំនួនដែល នៅមិនទាន់​យល់ ឬក៏យល់បានខ្លះដែរ ប៉ុន្តែអាស្រ័យនិន្នាការនយោបាយឋិតនៅម្ខាង ដែល បញ្ហានេះតម្រូវឲ្យមន្រ្តី​នគរ​បាល​​ជាតិនិយាយជារួម ហើយនិយាយដោយឡែកមន្រ្តីប៉ុស្តិ៍ន​គរ​បាល​រដ្ឋបាលជួយធ្វើការបកស្រាយ ផ្សព្វ​ផ្សាយ អប់រំ ឲ្យប្រជាពលរដ្ឋគ្រប់មូល​ដ្ឋានដឹង​ពី​បញ្ហា​នេះ។

គួររំលឹកថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ​២០​១៧ តាមការទាមទាររបស់មេធាវីក្រសួងមហាផ្ទៃ បន្ទាប់ពីតុលាការរកឃើញថា ថ្នាក់ដឹកនាំគណបក្ស មួយ​នេះមានជាប់ពាក់ព័ន្ធនឹងផែនការចង់ធ្វើបដិវត្តន៍ពណ៍ផ្គួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលដឹកនាំដោយ សម្តេច​ ហ៊ុន សែន នាយករដ្ឋមន្រ្តី។

មិនត្រឹមតែរំលាយគណបក្សសង្រ្គោះជាតិប៉ុណ្ណោះទេ តុលាការកំពូលរបស់កម្ពុជាក៏បានសម្រេចផ្អាកមិនឲ្យ មន្រ្តីជាន់ខ្ពស់គណបក្សនេះចំនួន១១៨រូប មិនឲ្យធ្វើនយោបាយចំនួន០៥ឆ្នាំផងដែរ៕ ដោយ៖ Rush News