ទំនិញម្ហូបអាហារខូចគុណភាព ចំនួនជាង០៦តោន ត្រូវបានដុតកម្ទេចចោលនៅថ្ងៃនេះ

44

(ព្រះសីហនុ)៖ ទំនិញម្ហូបអាហារខូចគុណភាព និងទំនិញមិនមានអនុលោមភាព ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួនជាង០៦តោន ត្រូវបានអគ្គនាយកដ្ឋានកាំកុងត្រូល តាមរយ:សាខាកាំកុងត្រូលខេត្តព្រះសីហនុ ធ្វើការដុតកម្ទេចចោលនៅថ្ងៃពុធ ទី០៦ ធ្នូនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម។

ទំនិញដែលត្រូវបានដុតកម្ទេចចោលនេះរួមមាន ម្សៅទឹកដោះគោ ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ គ្រឿងសមុទ្រ បន្លែ ជ្រក់ ប្រហិត សរុបចំនួន ៦,០៨០តោន គីឡូក្រាម។

ថ្លែងក្នុងពិធីដុតកម្ទេចម្ហូបអាហារខូចគុណភាពនេះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានកោតសរសើរចំពោះមន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ រួមជាមួយភាគីពាក់ព័ន្ធក្នុងខេត្ត ធ្វើការដកហូតទាន់ពេលវេលានូវទំនិញប្រភេទម្ហូបអាហារ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដើម្បីដុតកម្ទេចចោលនាពេលនេះ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី ក៏បានជំរុញឲ្យមន្ត្រីកាំកុងត្រូលទាំងអស់ ធ្វើការពង្រឹងសមត្ថភាព និងដកស្រង់បទពិសោធន៍ថ្មីៗបន្ថែមទៀតពីបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាអន្តរជាតិ ដើម្បីបម្រើការងារត្រួតពិនិត្យគុណភាព សុវត្ថិភាពចំណីអាហារ ធានាឲ្យបាននូវអនុលោមភាពរបស់ទំនិញទាំងនាំចេញ និងនាំចូល៕ ដោយ៖ Rush News