តុលាការកោះហៅអតីតប្រធានសហជីពជាលើកទី២ ឲ្យចូលខ្លួន

42

សាលាដំបូងរាជធានីភ្នំពេញបានកោះហៅជាលើកទី ២ ឲ្យអតីតប្រធានសហជីពសេរីកម្មករលោកជា មុន្នី ចូល​ខ្លួន​បំភ្លឺនៅដើមខែកុម្ភៈ ជំវិញបណ្ដឹងប្ដឹងដោយសហជីពចំនួន១២០ ពីបទញុះញង់។

ក្នុងដីការកោះចុះថ្ងៃទី ២៣ ខែ មករា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ បានចេញដីកាកោះជាលើកទី២ កោះហៅឱ្យលោក ជា មុន្នី ចូលបំភ្លឺជូនតុលាការ នៅព្រឹកថ្ងៃទី០៩ ខែ​កុម្ភៈ ឆ្នាំ២០១៨។

លោកជាមុន្នី ដែលជាអតីតប្រធានសហជីពសេរីកម្មករ និង ជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា ត្រូវបាន​អយ្យការ​អមសាលាដំបូង​រាជធានីភ្នំពេញ លោក សៀង សុខ ចេញដីកាកោះហៅឲ្យចូលខ្លួនម្ដងរួចហើយកាល​ពីថ្ងៃទី០៥ ខែ​មករា ឆ្នាំ២០១៧ ឲ្យចូលបំភ្លឺក្នុងនាមជនសង្ស័យ ប៉ុន្តែលោកជា មុន្នី មិនបានចូលខ្លួននោះទេ។

លោក ជា មុន្នី ត្រូវបានក្រុមសហជីពចំនួន ១២០ ដែលគេមើលឃើញថា មានទំនោរគាំទ្ររដ្ឋាភិបាលដាក់ពាក្យ​បណ្ដឹងប្តឹងទៅតុលាការ ដោយចោទ​ពីបទ​ញុះញង់ បន្ទាប់ពីលោក បានធ្វើបទសម្ភាសន៍មួយជាមួយវិទ្យុ​អាស៊ីសេរី​​​​​កាល​​ពីចុងឆ្នាំ២០១៧ ដែលសហជីព​ទាំង​នោះ​ថា លោកជា មុន្នី បានអំពាវនាវឲ្យសហគមន៍អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​ដាក់ទណ្ឌកម្មលើ​រដ្ឋាភិបាល​កម្ពុជា​ក្រោយ​រំលាយបក្សប្រឆាំង។

ក្រោយតុលាការចេញដីកាកោះអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Front Line Defenders បានចេញ​សេចក្ដី​ថ្លែង​​ការណ៍មួយកាលពីថ្ងៃទី ១៦ ខែមករា ជំរុញឲ្យតុលាការទម្លា្កក់បទចោទលើ​អតីត​ប្រ​ធាន​​សហជីព​​លោក ជា មុន្នី និង ស្នើឲ្យអាជ្ញាធរធានាសុវត្ថិភាព និង ស៊ើបអង្កេតឲ្យបានត្រឹមត្រូវ​លើករណី​គម្រាម​សម្លាប់ និង​ការធ្វើទុក្ខបុកម្នេញ​លើលោកជាមន្នីផងដែរ៕