រដ្ឋាភិបាលគ្រោងដាំព្រៃលិចទឹក ៥០០ ហិចតានៅក្រុងភ្នំពេញ

73

រដ្ឋបាលសាលារាជធានីភ្នំពេញ​គ្រោងដាំ​ព្រៃលិចទឹកចំនួន៥០០ហិចតាក្នុងបឹងតាមោក ខណ្ឌព្រែកព្នៅ ដើម្បី​រក្សា​ជាបឹង​បៃតង និង​កាត់បន្ថយជាតិពុលនៅក្នុងបឹង។

អភិបាលសាលារាជធានីភ្នំពេញលោក ឃួង ស្រេងបានលើកឡើងបែបនេះនៅថ្ងៃទី ២៦ ខែមករាម្សិលមិញ ក្នុង​ឱកាស​បើកកិច្ចប្រជុំស្តីពីការរៀបចំគម្រោងមេ Master Plan ដាំដើមឈើក្នុងរាជធានីភ្នំពេញដើម្បី លើកម្ពស់ សោភ័ណភាពទីក្រុង រួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន។នេះបើតាមការចុះផ្សាយរបស់Freshnews។

តាមការចុះផ្សាយដដែលនោះបានឲ្យដឹងថាគម្រោងដាំព្រៃឈើលិចទឹកក្នុងរាជធានីភ្នំពេញនេះនឹងចាប់ផ្ដើមនៅរដូវប្រាំងដោយជាជំហានដំបូង​អភិបាល​ក្រុងលោក ឃួង ស្រេងថាដាំត្រឹមតែ១០០ហិកតា ដែលមានដូចជាដើមឬស្សី ដើមប្រស់ ដើមរាំងទឹក ដើមថ្កូវ ដើមសណ្តាន់ជាដើម។

តាមការចុះផ្សាយដដែលលោក ឃួង ស្រេង ក៏បានជំរុញឲ្យមន្ត្រីជំនាញពាក់ព័ន្ធពិសេសខាង​ការិយាល័យ​រៀប​ចំក្រុង មន្ទីរកសិកម្មរាជធានី សិក្សាឲ្យបានច្បាស់លាស់ដាក់ដាំដើមឈើណាដែលធននឹងទឹកបឹងនេះ ដើម្បីចៀសវាង​ការ​ខាត់​​បង់ ព្រោះបឹងនេះទឹកមាន​ជាតិប្រៃ និងស្អុយខុសពីទឹកធម្មជាតិ៕