ជនជាតិវៀតណាម ៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខណ្ឌដង្កោ ពីបទរស់នៅគ្មានឯកសារផ្លូវច្បាប់។
តាមការចុះផ្សាយពីអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានចុះសហការជាមួយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងលោក សៀង សុខ ចុះត្រួតពិនិត្យជនជនជាតិ វៀតណាមដែលលួចឆ្លងដែននិងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់ ស្ថិតនៅទីតាំង ភូមិបឹងត្រកួន សង្កាត់ខ្វា ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកអនុសេនីយ៍ឯក ចុល ចេក ជានាយរងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបាន ពិនិត្យឃើញមាន ជនជាតិវៀតណាម ចំនួន០៨នាក់ (ស្រី០៥នាក់) គ្មានលិខិតឆ្លងដែន។
ការចុះផ្សាយដដែលបានឲ្យដឹងថាសមត្ថកិច្ចបានបានឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះនិងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕