អាជ្ញាធរអប្សរាថាមិនទទួលខុសត្រូវចំពោះការខូចខាតផលប្រយោជន៍របស់សាធារណៈជនណាដែលបានទិញដីប៉ះចំដីរបស់រដ្ឋ ក្នុងគម្រោងដីឡូត៍ ក្នុងតំបន់អង្គរឃ្យុងយូ។
អាជ្ញាធរអប្សរាបានលើកឡើងបែបនេះនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះថ្ងៃទី ១២ ខែមករាដែលទើបផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃនេះថា មិនទទួលខុសត្រូវចំពោះការខូចខាតផលប្រយោជន៍ពលរដ្ឋណាដែល បាន ទិញដីប៉ះចំដីរបស់រដ្ឋ ក្នុងគម្រោងដីឡូត៍ស្ថិតនៅផ្លូវ ៦០ ម៉ែត្រ ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ក្នុងសេចក្ដីជូនដំណឹងនោះអាជ្ញាធរអប្សរាបានលើកឡើងថានៅថ្ងៃទី ១០ ខែមករាអាជ្ញាធរចំរុះខេត្តបានចុះកំណត់ព្រំដីរវាងដីរដ្ឋ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា និង ដីឯកជនដែលគ្រប់គ្រងដោយឈ្មោះ លី អ៊ុំអេង។
សេចក្ដីជូនដំណឹងដដែលបន្ថែមថានៅពេលចុះវាស់វែងក្រុមការងាររកឃើញថាមានក្រុមហ៊ុន ហ្គោលឌែន អ៊ីហ្គល រៀលអ៊ិសស្ទេត ខូអិលធីឌី ដែលមានគម្រោងពុះដីឡូត៍ ផ្ទះល្វែង វិឡា ផ្សាររាត្រី មានការចាក់អាចម៍ដីបំពេញលើដីរដ្ឋ ដើម្បីរាស់លក់ឲ្យពលរដ្ឋ។
សេចក្ដីជូនដំណឹងនោះអាជ្ញាធរអប្សរាក៏បានលើកឡើងដែរថាដើម្បីជៀសវាងការខូចខាតប្រយោជន៍ ជាយថាហេតុ ដោយសារការទិញដីពីគម្រោងខាងលើដែលប៉ះដីរដ្ឋនោះ អាជ្ញាធរឲ្យអ្នកដែលបានទិញដីឡូត៍នៅក្នុងតំបន់នោះមកធ្វើការផ្ទៀងផ្ទាត់ជាមួយក្រុមការងារអន្តរក្រសួងដោះស្រាយគោលនយោបាយដីធ្លីបុរីវប្បធម៌ទេសចរណ៍មានទីតាំងនៅអាជ្ញាធរអប្សរារាងរាល់ម៉ោងធ្វើការ រហូតដល់ថ្ងៃទិ ២៨ ខែ កុម្ភៈខាងមុខ៕