យ៉ាងហោចណាស់មានជនជាតិកូរ៉េចំនួន ៨នាក់ បានរងរបួសធ្ងន់ស្រាល ខណៈដែលជនជាតិខ្មែរម្នាក់បានស្លាប់និងម្នាក់ទៀតរបួស ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកជាមួយរថយន្តនៅក្នុងខេត្តកំពង់ចាម។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ វេលាម៉ោង ៧និង៣០នាទី មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងនៅលើផ្លូវជាតិលេខ៦ នៅចំណុចភូមិជាលា ឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម បណ្ដាលឲ្យជនជាតិកូរ៉េ ៧នាក់រងរបួសធ្ងន់ រងរបួសស្រាលម្នាក់។
តាមការចុះផ្សាយដដែលនោះបន្តថាក្នុងហេតុការណ៍គ្រោះថ្នាក់នេះក៏បណ្ដាលឲ្យជនជាតិខ្មែរម្នាក់ស្លាប់បាត់បង់ជីវិតនិងម្នាក់ទៀតរងរបួសស្រាលផងដែរ។
ការចុះផ្សាយដដែលបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងដោយរថយន្ត ម៉ាកសាំយ៉ុងពណ៌សរពាក់ស្លាក់ លេខភ្នំពេញ 2R-8015 បើកបរដោយឈ្មោះ សៀ លីវន្ដ ភេទប្រុស អាយុ២១ឆ្នាំ ប៉ះទង្គិច ជាមួយរថយន្ត ១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-5084 ដែលមានសណ្ដោងរ៉ឺម៉កហើយចតចោលនៅលើចិញ្ចើមថ្នល់៕