សត្វដំរីព្រៃមួយក្បាលបានឆ្លងដែនមកពីព្រំដែននៃប្រទេសថៃចូលមកទឹកដីខ្មែរហើយបានរត់ជាន់ស្រ្តីម្នាក់ដែលកំពុងស៊ីឈ្នួលដកដំឡូងឲ្យរងរបួសធ្ងន់នៅស្រុកភ្នំព្រឹក។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទី រំលងអាធ្រាត្រឈានចូលយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភ្នំណាំសាប ស្ថិតនៅក្នុងភូមិ ដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
តាមការចុះផ្សាយដដែលសត្វដំរីនេះទំនងជាកំពុងចុះប្រេង ហើយបានដើរវិលវល់តាមស្រុកមួយចំនួន តាមខ្សែបន្ទាត់ព្រំដែន រហូតដល់យប់មិញនេះក៏ដេញជាន់មនុស្សបណ្ដាលឲ្យស្ត្រីម្នាក់ឈ្មោះ ចក់ គឹមហៃ អាយុ៣២ឆ្នាំ ដែលស្នាក់នៅស៊ីឈ្នួលកាប់ដំឡូងត្រង់ចំណុចកើតហេតុខាងលើ រងរបួសត្រង់ស្មាបោះដៃផុត និង បាក់ឆ្អឹងជំនីខាងឆ្វេង ចំនួន១០ឆ្អឹង។
តាមការចុះផ្សាយនោះបន្តថាសត្វដំរីព្រៃមួយក្បាលនេះ បានរត់ចេញពីព្រៃ ក្នុងតំបន់អភិរក្សសត្វព្រៃ អាងឬណៃ ស្ថិតក្នុងខេត្តឆៈឈើងសៅ ហើយបានរត់មកឆ្លងដែនចូលទៅក្នុងទឹកដីខ្មែរ ត្រង់ចំណុចភូមិ៧ ឃុំបានថាប់ភ្រិក ស្រុកអារញ្ញប្រាថេតខេត្តស្រះកែវ៕