កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បានចុះបង្ក្រាបទីតាំងផលិតប៊ីចេងក្លែងក្លាយចំនួន ៣កន្លែងក្នុងទីក្រុងភ្នំពេញ និងបានដកហូតប៊ីចេងក្លែងក្លាយជាច្រើនតោន។
កាលពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ដឹកនាំដោយលោក លី សុផាន់ណា បានចុះបង្រ្កាបទីតាំងផលិតប៊ីចេងក្លែងក្លាយ ៣កន្លែង ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងបង្រ្កាបបានប៊ីចេងសញ្ញារូបវែកក្លែងក្លាយទាំងច្រករួច និងមិនទាន់ច្រក់ជាច្រើនតោន។ នេះបើតាមការចុះផ្សាយនៅលើបណ្ដាញហ្វេសប៊ុក សង្គម និង យុត្តិធម៌។
ការចុះផ្សាយដដែលឲ្យដឹងថាទីតាំងទីដែលផលិតប៊ីចេងក្លែងក្លាយនោះមានដូចជាផ្ទះលេខ២៣ ផ្លូវ១២៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដកហូតប៊ីចេងចំនួន៥៣បេ ស្មើនឹង១ ៣៦៤គីឡូក្រាម និងប៊ីចេងមិនទាន់វេចខ្ចប់ចំនួន៧៦បេ ស្មើនឹង១ ៨៩៨ គីឡូក្រាមជាមួយសំបកវេចខ្ចប់ទំងន់៩៩ គីឡូក្រាម និងម៉ាស៊ីនអ៊ុតមាត់ថង់១គ្រឿង ម៉ាស៊ីនវេចខ្ចប់១គ្រឿង ។
ចំណែកទីតាំងទី២ស្ថិតនៅផ្ទះ១៤B ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដកហូតប៊ីចេងក្លែងក្លាយចំនួន៨០០ កញ្ចប់តូច ស្មើនឹង២៧៥គីឡូក្រាម និងសំបកខ្ចប់មួយចំនួនទៀត ហើយទីតាំងទី៣-ស្ថិតនៅផ្ទះ១០ ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដដែល។
ក្រោយបង្ក្រាបបានវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ច ដកហូតយកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ច និងបាននាំម្ចាស់ទីតាំងទាំង២នាក់ មកនាយកដ្ឋានដើម្បីបន្តនីតិវិធី និងចាត់វិធានការតាមច្បាប់។
សមត្ថកិច្ចឲ្យដឹងថាការចុះបង្រ្កាបនេះធ្វើឡើងបន្ទាប់បណ្ដឹងប្ដឹងពីក្រុមហ៊ុនប៊ីចេងនៅថៃឈ្មោះ Thai fermentation industry co.ltd ពីបទក្លែងបន្លំម៉ាកប៊ីចេងរូបវែករបស់ក្រុមហ៊ុន ដែលមានការចុះបញ្ជីរពាណិជ្ជកម្មនៅកម្ពុជា។
លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា នៅមុនពេលឈានដល់ការចុះប្រតិបត្តិកាបង្ក្រាបរទីតាំងផលិតប៊ី
ចេង ទាំង ៣ទីតាំងនេះ គឺខាងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានទទួលពាក្យបណ្ដឹងពីម្ចាស់ក្រុមហ៊ុនថា នៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុន និងទីតាំងផលិតប៊ីចេងក្លែងក្លាយ ជាច្រើនទីតាំងកំពុងលួចផលិត និងចែកចាយពេញទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត៕