អគ្គិភ័យបានកើតឡើងចំនួន ៥១៤ លើកនៅក្នុងឆ្នាំ ២០១៧ សម្លាប់មនុស្សអស់ ២២នាក់ (ស្រី១៣នាក់) និងបង្ករបួសមនុស្ស ១២៨នាក់ តែចំនួននេះបានថយចុះរហូតដល់ ១៩ ភាគរយ បើប្រៀបធៀបករណីអគ្គិភ័យកើតឡើងកាលពីឆ្នាំ ២០១៦។
នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី ១៨ ខែ មករា ម្សិលមិញ ក្នុងពីធីប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ផែនការយុទ្ធសាស្រ្តរយៈពេល ៣ឆ្នាំ (២០១៨-២០២០) របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះបន្ទាន់។
ការចុះផ្សាយលើកឡើងថាគ្រោះអគ្គិភ័យក្នុងឆ្នាំ២០១៧ កន្លងទៅនេះ កើតឡើងចំនួន៥១៤ លើកបង្កឲ្យស្លាប់ ២២នាក់ និងរបួស ១២៨នាក់ ដែលឆេះផ្ទះអស់ ៤៨០ខ្នង ហើយឆេះប្រាក់រៀលចំនួន ១ ០៦១ ៦៧៥ ៥០០រៀល និងប្រាក់ដុល្លារអស់ ២.១៣៩.៦២៩សុល្លារ និងខូចខាតទ្រព្យសម្បត្តិប្រើប្រាស់មួយចំនួនទៀត។
ការចុះផ្សាយដដែលបន្តថាករណីនេះបានថយចុះរហូតដល់ទៅ៩៨លើក ស្មើនឹង ១៩ភាគរយ ដែលក្នុងឆ្នាំ២០១៦ មានអគ្គិភ័យ កើតឡើងរហូតដល់ ៦១២លើក។
ក្នុងពីធីប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិ ផែនការយុទ្ធសាស្រ្តរយៈពេល ៣ឆ្នាំ (២០១៨-២០២០) របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះបន្ទាន់ នាយឧត្តមសេនីយ៍ សួស អង្គារ៍ លើកឡើងថា នគរបាលពន្លត់អគ្គិភ័យត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ជានគរបាលជាតិ មិនត្រូវយកតួនាទី ឋានន្តរស័ក្តិ ទៅសំឡុតគម្រាមកំហែងបរជាពលរដ្ឋស្លូតត្រង់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ មានប្រសាសន៍ទៀតថា ដើម្បីឲ្យការងារពន្លត់អគ្គិភ័យទទួលបានជោគជ័យ និងទទួលបានការជឿជាក់ពីប្រជាពលរដ្ឋ នគរបាលត្រូវត្រៀមខ្លួនជានិច្ច ដើម្បីជួយសង្រ្គោះអាយុជីវិត ទ្រព្យសម្បត្តិ ឲ្យបានទាន់ពេលវេលា និងប្រកាន់ខ្ជាប់នូវអនុសាសន៍របស់ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៤ឃ្លាគឺ «លឿនរហ័ស ប្រសិទ្ធភាព យុត្តិធម៌ និងតម្លាភាព» ៕