យ៉ាងហោចណាស់ផ្ទះ ៤ខ្នងនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានខូចខាតទាំងស្រុងក្នុងហេតុការណ៍អគ្គិភ័យឆាប់ឆេះកាលពីព្រឹកមិញ។
អគ្គស្នងការនគរបាលជាតិបានចុះផ្សាយឲ្យដឹងថានៅវេលាម៉ោង ៣និង១០នាទីទាបភ្លឺឈានចូលថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅតាមបណ្តោយផ្លូវលេខ369 ភូមិ ព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។
ការចុះផ្សាយនោះបន្តថាក្នុងហេតុការណ៍អគ្គិភ័យនេះមានផ្ទះឈើ និង ផ្ទះថ្មប្រក់ស័ង្កសីចំនួន 4ខ្នង ត្រូវបានឆាបឆេះទាំងស្រុក តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។
ក្នុងហេតុការនោះអាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន 17គ្រឿង ដែលប្រើប្រាស់ទឹកអស់ចំនួន ១៤០ម៉ែត្រគូប ។
តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកាលពីឆ្នាំ ២០១៧ មានអគ្គិភ័យបានកើតឡើងចំនួន ៥១៤ លើកបានសម្លាប់មនុស្សអស់ ២២នាក់ (ស្រី១៣នាក់) និងបង្ករបួសមនុស្ស ១២៨នាក់ តែចំនួននេះបានថយចុះរហូតដល់ ១៩ ភាគរយ បើប្រៀបធៀបករណីអគ្គិភ័យកើតឡើងកាលពីឆ្នាំ ២០១៦៕