ប្រហិតសាច់មាន់គ្មានគុណភាពជិត ២ តោន និងទំនិញផ្សេងៗជាច្រើនទៀតត្រូវបានសមត្ថកិច្ចរកឃើញថាបាននាំចូលខុសច្បាប់តាមរថយន្តក្រុងមួយតាមច្រក់ប៉ោយប៉ែត។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកម្លាំងនគរបាលឃាត់ក្រុងសិរីសោភ័ណបានឃាត់រថយន្តក្រុងក្រុមហ៊ុន ប្លូបឹស មួយគ្រឿង និងឆែកឃើញនាំចូលប្រហិតសាច់មាន់ជិត២តោន និងធុងពណ៌ជាតិគ្លុយកូស្ស៊ីរ៉ូ១៥០ធុងដុតនិងទំនិញគ្មានពន្ធជាច្រើនទៀត។
តាមការចុះផ្សាយដដែលនោះបានឲ្យដឹងថា ប្រហិតសាច់មាន់ដែលវិចខ្ចប់ខុសបច្ចេកទេសចំនួន ៥៥ការ៉ុង ស្មើ១,៧៦០គីឡូក្រាម ធុងពណ៌ជាតិគ្លុយកូស្ស៊ីរ៉ូ ១៥០ធុង និងទំនិញគ្មានពន្ធជាច្រើនទៀត ត្រូវបានសមត្ថកិច្ចធ្វើការកម្ទេច ចោលនៅទីលានចាក់សំរាម ក្រុងសិរីសោភ័ណកាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ។
តាមការចុះផ្សាយដដែលបានឲ្យដឹងថាកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានប្រាប់ថា កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កម្លាំងជំនាញបានឃាត់រថយន្តក្រុង ១គ្រឿង ពាក់ស្លាក់លេខ ភ្នំពេញ 3C-8811 នៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្រោយពេលឃាត់ក៏បានយកមកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង ឆែករកឃើញថារថយន្តនោះដឹកនាំចូលទំនិញខុសច្បាប់៕