កម្មករ ៥៥ រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ស្ពឺ

1141

កម្មករចំនួន ៥៥ នាក់បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅខេត្តកំពង់ស្ពឺកាលពីល្ងាចម្សិលមិញ។

តាមគេហទំព័រអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថារថយន្តដឹកម្មករមួយគ្រឿងវ៉ាងជែងគ្នាក្នុងស្ថានភាពគ្រោះ ថ្នាក់បណ្តាលឲ្យជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ដោយខ្លួនឯងធ្វើឲ្យកម្មករ ៥៥នាក់របួសធ្ងន់ស្រាល នៅថ្ងៃទី៩ ខែមករា ម្សិលមិញ។

អគ្គស្នងការនគរបាលជាតិបានបន្ថែមថាហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១៦និង៥០នាទី នៅលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ នៅក្នុងភូមិតាឡាក់ ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

អគ្គស្នងការនគរបាលជាតិបានដកស្រងសំដីលោក តាប់ លន ស្នងការរងខេត្តកំពង់ស្ពឺថាមុនពេលកើតហេតុមានរថយន្តដឹកកម្មករមួយគ្រឿង ម៉ាក HYUNDAI PORTER ពណ៌ សពាក់ស្លាកលេខ កំពង់ស្ពឺ 2A-4216 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដឹកកម្មករចំនួន ៥៥នាក់ (ប្រុស ២នាក់) លុះមកដល់ចំណុចខាងលើ បានវ៉ាប្រជែងរថយន្តមួយគ្រឿងដែលកំពុងធ្វើដំណើរស្របទិសគ្នាហើយបានក្រឡាប់គ្រោះថ្នាក់ដោយខ្លួនឯងនឹងបណ្តាលឲ្យរបួសមនុស្សចំនួន ៥៥នាក់ (ប្រុស២នាក់) ក្នុងនោះរបួសធ្ងន់៤នាក់ (ប្រុសម្នាក់)។

អគ្គស្នងការនគរបាលជាតិបន្តថាក្រោយកើតហេតុកម្លាំងមូលដ្ឋានបានចុះដល់កន្លែងកើតហេតុនិងបានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរ និងបានយករថយន្តពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋានដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕