ធនាគារពិភពលោក៖ ការរីកចម្រើនដ៏ឆាប់រហ័សនៃរាជធានីភ្នំពេញ បានចូលរួមបង្កើតការងារ និងកាត់បន្ថយភាពក្រីក្រ

81

(ភ្នំពេញ)៖ របាយការណ៍របស់ធនាគារពិភពលោក ស្តីពីការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញ បានបង្ហាញថា ការរីកលូតលាស់ដ៏ឆាប់រហ័សរបស់រាជធានីភ្នំពេញក្នុងរយៈពេល ១០ឆ្នាំ​កន្លងមកនេះ បានចូលរួមចំណែកក្នុងការបង្កើនឱកាសការងារនិងកាត់បន្ថយភាពក្រីក្រ។ ប៉ុន្តែ ការយកចិត្តទុកដាក់លើការលើកកម្ពស់ផែនការ ការគ្រប់​គ្រង និងហេដ្ឋារចនាសម្ព័ន្ធនៃទីក្រុង គឺត្រូវការជាចាំបាច់ដើម្បីចៀសវាងការរីករាលដាលនៃភាពគ្មានសណ្តាប់ធ្នាប់ ការស្ទះ​ចរាចរ​ណ៏ និងការបំពុលផ្សេងៗ។នេះបើយោងតាមការចុះផ្សាយរបស់ធនាគារពិភព​លោកនៅ​ថ្ងៃ​នេះ​។

របាយការណ៍ដែលមានចំណងជើងថា ការអភិវឌ្ឍទីក្រុងក្នុងរាជធានីភ្នំពេញ របស់ធនាគារពិភពលោក បានលើកឡើងពីភាពប្រឈមជាច្រើន ក្នុងការផ្តល់ជាសេវាកម្មជាមួលដ្ឋាន ដែល​រួមមាន ប្រព័ន្ធបង្ហូរទឹកស្អុយ ស្ថានីយកែច្នៃទឹកស្អុយ សេវាដឹកជញ្ជូនសាធារណៈ និងការគ្រប់​គ្រងកាកសំណល់រឹង។ ការគ្រប់គ្រងនិងការផ្តល់ហិរញ្ញប្បទានលើការរៀបចំក្រុង ការពង្រឹង​អភិបាល​កិច្ច និងការផ្តល់សេវាកម្ម ក៏ជួបបញ្ហាប្រឈមដែរ។

លោកស្រី អ៊ីហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចំា​កម្ពុជា បានមាន​ប្រសាសន៍ថា រាជធានីភ្នំពេញប្រឈមនឹងឱកាសដ៏សំខាន់មួយក្នុងការកែខៃទីក្រុងជាវិជ្ជមានមួយសម្រាប់អនាគតរបស់ខ្លួន ការបង្កើតការងារអោយបានច្រើនថែមទៀត និងការបង្កលទ្ធភាព​អោយមានសេវាកម្មកាន់តែប្រសើរជាងមុន។ លោកស្រី ថា​ការអភិវឌ្ឍទីក្រុងដែលមានការ​គ្រប់​គ្រងនិងរៀបចំផែនការបានល្អ អាចជួយធ្វើអោយទីក្រុងមានភាពល្បីល្បាយក្នុងការធានា​ឲ្យ​មាន​ស្តងដាររស់នៅប្រសើរសម្រាប់អនាគតមនុស្សជំនាន់ក្រោយផងដែរ។

របាយការណ៍ដដែល ក៏បានផ្តល់នូវអនុសាសន៍ជាច្រើន ដើម្បីធ្វើអោយការរីកលូតលាស់​នៅ​ក្នុង​ទីក្រុងកាន់តែមានលក្ខណៈប្រកួតប្រជែង កាន់តែមាននិរន្តរភាព និងកាន់តែគ្របដណ្តប់​ទូលំ​ទូលាយលើវិស័យសំខាន់ៗចំនួន៤។

វិស័យទាំង៤នោះរួមមាន៖ ទី១ គឺត្រូវកែលម្អស្ថាប័ន និងអភិបាលកិច្ច ដើម្បីអោយទីក្រុង​អាច​អភិវឌ្ឍន៍ទៅបានប្រកបដោយភាពសុខដុមនិងមានប្រសិទ្ធិភាពជាងមុន។ ទី២ គឺត្រូវកែលម្អ​ផែន​ការរៀបចំទីក្រុងនិងការអនុវត្តផែនការ តាមរយៈការបង្កើត​បទដ្ឋាន​គតិយុទ្ធ​​ ក្របខ័ណ្ឌ​ច្បាប់ និងពង្រឹងផែនការរៀបចំទីក្រុងដែលមានស្រាប់។ ទី៣ គឺត្រូវ​វិនិយោគ​លើហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុងដែលប្រកបដោយនិរន្តរភាព ដើម្បីលើកកម្ពស់កម្រិត​ជីវភាព​រស់​នៅនិង​ភាព​ប្រកួត​​ប្រជែង និងទី៤ គឺត្រូវធានាថា ការរៀបចំទីក្រុងត្រូវគិតគូរអោយបាន​គ្រប់ជ្រុងជ្រោយ​ដើម្បី​​ចៀស​វាងកុំអោយមានវិសមភាព៕