សម្រាប់ឆ្នាំ២០១៧នេះ មជ្ឈមណ្ឌលជាតិផ្តល់ឈាមទទួលបានការបរិច្ចាកឈាមពីវិស័យឯកជនចំនួន ២០ភាគរយប៉ុណ្ណោះ

92

(ភ្នំពេញ)៖ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម បានអះអាងថា ក្នុងឆ្នាំ២០១៧    នេះ មជ្ឈ​មណ្ឌលជាតិបានទទួលនូវអំណោយឈាមពីគ្រប់ស្ថាប័ន និងអង្គភាពទាំងអស់សរុបប្រមាណ ៧៥.០០០ប្លោក ក្នុងនោះការទទួលបានអំណោយឈាមពីវិស័យឯកជនមាន តែប្រមាណ២០ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជានៅថ្ងៃទី២៨ ខែធ្នូនេះ។

លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៨ ខែធ្នូនេះ ថា ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រពីវិស័យឯកជននេះ គឺជាសកម្មភាពចូលរួមចំណែកដ៏សំខាន់មួយ ក្នុងការចូលរួមជំរុញ និងលើកកម្ពស់ការបរិច្ចាគឈាមនៅកម្ពុជា។

លោកវេជ្ជបណ្ឌិត ថា ភាគច្រើនយុវជនមានការចូលរួមយ៉ាងច្រើន ក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្ដ ជាពិសេសនៅតាមសកលវិទ្យាល័យ និងតាមវិស័យឯកជន ដែលការចូលរួមនេះ គឺជាក្ដីសង្ឃឹមមួយសម្រាប់ ពេលអនាគតក្នុងការទទួលបាននូវបរិមាណឈាម និងការផ្គត់ផ្គង់ឈាមច្រើនសម្រាប់ជួយសង្រ្គោះជីវិតអ្នកជំងឺ និងអ្នកត្រូវ ការឈាមជាចាំបាច់។

លោកវេជ្ជបណ្ឌិត បន្តថា អត្រានៃអំណោយឈាម ក្នុងចំណោមប្រជាជនកម្ពុជា គឺមានត្រឹម០.៥ភាគរយតែប៉ុណ្ណោះ ដែលក្នុងចំណោម១០០នាក់ នៅមិនទាន់មាន១ម្នាក់បានផ្ដល់ឈាម នៅឡើយទេ។ ដូច្នេះតម្រូវការឈាមនៅក្នុងអំឡុងឆ្នាំ២០២០ខាងមុខ អាចត្រូវការឈាម រហូតដល់១ភាគរយ នៃប្រជាជនសរុប ហើយតាមការប៉ាន់ប្រមាណអាចត្រូវការឈាមប្រមាណ១៥ម៉ឺន ប្លោកផងដែរ។

ជាមួយគ្នានេះដែរ ក្នុងឆ្នាំ២០១៨ខាងមុខនេះ តម្រូវការឈាមនៅតែត្រូវការច្រើនបន្ថែមទៀត និងមានកំណើនប្រមាណ២០ភាគរយបន្ថែមទៀត ដែលទាមទារអោយមានការចូលរួមសហការពីគ្រប់ក្រសួង ស្ថាប័ន អង្គភាពទាំងអស់ និងវិស័យឯកជនបន្ដចូលរួមបរិច្ចាគឈាមដោយស្ម័គ្រ ចិត្តដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហុក គឹមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នៃក្រសួងសុខាភិបាល៕