កម្លាំងចម្រុះបានចុះបង្ក្រាបទប់ស្កាត់នេសាទ ខុសច្បាប់នៅបឹងទន្លេសាប ដើម្បីរក្សាពូជត្រីឱ្យបានគង់វង្សទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់

33

 

(កំពង់ធំ)÷ លោក សិន សុភី  នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម ប្រចាំនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ បានដឹកនាំកម្លាំងសហគមន៍នេសាទផាត់សណ្តាយ និងមេភូមិកោះតាពៅចុះបោះបង្គោលកន្លែងអភិរក្សសហគមន៍ និងបានលែងត្រីគល់រាំងនៅកន្លែងអភិរក្សសហគមន៍ នៅថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក សិន សុភី  នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយ បានដឹកនាំកម្លាំងសហគមន៍នេសាទផាត់សណ្តាយ និងលោកមេភូមិកោះតាពៅចុះបោះបង្គោលការពារកន្លែងអភិរក្ស សហគមន៍នេសាទផាត់សណ្តាយ នៅចំណុចព្រែកខ្សាច់ ស្ថិតក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រមទាំងបានលែងត្រីគល់រាំង១ក្បាលទម្ងន់៣.៥គ.ក្រ នៅចំណុចអន្លង់វិលជាកន្លែងអភិរក្សសហគមន៍  ត្រីពូជ១ក្បាលនេះទទួលបានពីប្រជាពលរដ្ឋឈ្មោះ ណូ សុខឃា  បច្ចុប្បន្នរស់នៅភូមិនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក  សិន សុភី នាយសង្កាត់បន្តដឹកនាំកម្លាំងពង្រឹងការគ្រប់គ្រងកន្លែងអភិរក្ស និងបន្តការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអោយបានផុលផុសទូលំទូលាយជាក់ស្តែងដូចថ្ងៃនេះ ដើម្បីរួមចំណែកការពារត្រីដែលកំពុងរងគ្រោះ ត្រូវបានការពារដោយច្បាប់ជលផល ឱ្យនៅគង់វង្សយូរអង្វែង មាននិរន្តរភាព សំបូរឡើងវិញ។

ជាចុងក្រោយលោក សិន សុភី បានអំពាវនាវដល់បងប្អូនប្រជានេសាទឱ្យចូលរួម ការពារត្រីដែលជិតផុតពូជ និងត្រីកម្រព្រមទាំងបញ្ឈប់ជាបន្ទាន់ ការធ្វើនេសាទដោយប្រើឧបករណ៍ខុសច្បាប់ ព្រោះឧបករណ៍ទាំងនេះ
បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ប្រភពធនធានជលផល។
ចូលរួមការពារទាំងអស់គ្នា ធនធានជលផលជារបស់យើងនិងចិញ្ចឹមយើងគ្រប់គ្នា។