លោក ប៊ុនសុធី នាយខណ្ឌ ព្រៃឈើកំពង់ធំ មិនមានការឃុំខ្លួននោះទេ ខណៈបើកឡានបង្កឲ្យសិស្សម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់

37

 

ខេត្តកំពង់ធំ៖លោក ប៊ុន សុធី នាយខណ្ឌ រដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ នៅពេលនេះនៅក្រៅឃុំនៅឡើយ បន្ទាប់ពីបើកឡានបង្កសិស្សសាលាម្នាក់ស្លាប់ និងម្នាក់ទៀតរបួសធ្ងន់។
គួររំលឹកផងដែរកាលពីវេលាម៉ោងប្រមាណ១៦និង៣៧នាទី ល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចច្រមុះជ្រូកតោ ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
នៅក្នុង ឧបទ្ទហេតុនេះ គេដឹងថា លោក ប៊ុន សុធី ជាអ្នកកាន់ចង្កូតរថយន្តផ្ទាល់ គឺរថយន្ត ម៉ាកត្រៃតុន ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ 17 20 725 គឺមិនមែនតៃកុងឡានគាត់ឈ្មោះឃឹម នួន នោះទេ ។

ប្រភពនៅកន្លែងកើតហេតុបានទម្លាយឲ្យដឹងថា រថយន្តរបស់ លោកប៊ុន សុធី បើកបរ ពីត្បូងទៅជើង ខណៈនោះ ក៏មានក្មេងប្រុស ជាសិស្សសាលា២នាក់ ជិះម៉ូតូ ម៉ាកC 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1O 23 02 បើកក្នុង ល្បឿនលឿន ផងដែរ ក្នុងទិសដៅបញ្ច្រាសទិសគ្នា ពេលមកដល់ចំណុចខាងលើក៏កើតហេតុគ្រោះថ្នាក់ចរាចរតែម្ដង។ ក្នុងនោះបានប៉ះរថយន្តមួយគ្រឿងទៀត ម៉ាកព្រូសពណ៌ទឹកប្រាក់ ផ្លាកលេខកំពង់ធំ1C1995 បើកបរដោយឈ្មោះ យាង ពិសេស ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅ    ភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បើកបរពីជើងទៅត្បូង ឃាត់ខ្លួនមកអធិការរដ្ឋាននគរបាលស្រុក។

ករណីនេះដែរបណ្តាលឲ្យសិស្សសាលាម្នាក់ឈ្មោះ ឆាំ កក្កដា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ស្លាប់នៅហ្នឹងកន្លែងកើតហេតុ និងអ្នករួម ដំណើរ ឈ្មោះ ផាត សុភ័ណ្ឌ  អាយុ២៣ឆ្នាំ នៅភូមិពពេជចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ របួសធ្ងន់ យុវជនទាំង ២នាក់ ជាសិស្សសាលា ។

រហូតមក ទល់ ពេលនេះ គេមិនទាន់ដឹងថា វាសនា លោក ប៊ុន ធី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ អាចគេចផុត ពីការឃុំខ្លួនដែរឬទេ ? ព្រោះកន្លងមកឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ មានប្រសាសន៍ថា៖នៅពេលគ្រោះថ្នាក់ចរាចរណ៍ ជនរងគ្រោះ គ្រួសារជនរងគ្រោះ មានបញ្ហាបាត់ទៅហើយ ប៉ុន្តែបើគាត់រងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍ហើយ កុំឲ្យគាត់រងគ្រោះនៅក្នុងនីតិវិធីទៀត។ ឯកឧត្តម កើត រិទ្ធបញ្ជាក់ធ្លាប់បានបញ្ជាក់ថា ៖អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវទទួលខុសត្រូវជាដាច់ខាត ហើយត្រូវចៀសវាងរឿងមួយ គឺរឿងបុកគេស្លាប់ហើយបង់លុយរួចខ្លួន។ប៉ុន្តែសូមប្រើវិធានការបន្តរូបន្ថយ ប្រសិនបើអ្នកបង្កគ្រោះថ្នាក់ ចរាចរណ៍ ហើយចូលសារភាព។ បើបុកគេហើយរត់គេចខ្លួន សូម បញ្ជាក់ថា មិនមែនបទល្មើសតែមួយបទទេ គឺ២បទល្មើស។ (បទ រត់គេចខ្លួនមួយ បទល្មើសទៀត)

ប៉ុន្តែទោះ ជាយ៉ាងនេះក្ដី ប្រភពពីតុលាការខេត្តកំពង់ធំបញ្ជាក់ថា ៖លោក ប៊ុន ធី នាយខណ្ឌ រដ្ឋបាលព្រៃឈើ នៅខណៈនេះមិនទាន់មានការបញ្ជូនខ្លួនទៅតុលាការនៅឡើយទេ។

ដោយឡែកលោក ព្រុំ ចាន់ថុល ប្រធានការិយ័យចរាចរណ៍ខេត្តកំពង់ធំ នាថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់តាមទូរស័ព្ទថា៖ ភាគីខាងឡានមានតំណាងមេធាវីរបស់គាត់ បានទៅចចារជាមួយជនរងគ្រោះ និងទូទាត់សំណងរួចរាល់ហើយ និងភាគីជនរងគ្រោះក៏បានព្រមព្រៀងទទួលយកសំណង និងដកពាក្យបណ្តឹងឈប់ប្តឹងហើយដែរ។

លោក ព្រុំ ចាន់ថុល បន្តថា៖ សាច់រឿងនេះកំហុសម៉ូតូទេ បើកលឿនទៅជុលឡានម៉ាក់ព្រុសមួយគ្រឿងដែលបើកមុខគាត់ ហើយបានខ្ទាតមកចូលឡានលោក ប៊ុន សុធី តែម្តង។

ទាំងនេះជាការបញ្ជាក់របស់លោក ព្រុំ ចាន់ថុល ប្រធានការិយ័យចរាចរណ៍ខេត្តកំពង់ធំ ដោយឡែកពេលនេះគេមិនទាន់ដឹងថា វាសនា លោក ប៊ុន ធី នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ធំ អាចគេចផុត ពីការឃុំខ្លួនដែរឬ យ៉ាងណា?