គណៈកម្មាធិការរៀបចំការបោះឆ្នោតពិភពលោក បញ្ចុះបញ្ចូល គ.ជ.ប ឲ្យចូលជាសមាជិក

37

(ភ្នំពេញ)៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតពិភពលោក ហៅកាត់ថា A-WEB ធ្វើការបញ្ចុះបញ្ចូលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប របស់កម្ពុជា ឲ្យចូលជាសមាជិករបស់ខ្លួន ខណៈដែលបច្ចុប្បន្ននេះ A-WEB មានសមាជិកចំនួន ១០៩ មកពី១០៣ប្រទេស។ នេះបើយោងតាមការប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃនេះ។

គណៈកម្មាធិការរៀបចំការបោះឆ្នោតពិភពលោក គឺជាស្ថាប័នមួយដែលបានបង្កើតឡើង ក្នុងគោលបំណងដើម្បីឲ្យការបោះឆ្នោតក្នុងប្រទេសនីមួយៗ ប្រព្រឹត្តទៅកាន់តែមានសុក្រឹត្យភាព និងមានតម្លាភាព។

(រូបភាព៖ គ.ជ.ប)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលចេញផ្សាយនៅថ្ងៃទី១៩ ធ្នូនេះ បានឲ្យដឹងថា បញ្ហានេះត្រូវបានលើកឡើងក្នុងជំនួបរវាងលោក គីម យ៉ុងហ៊ី អគ្គលេខាធិការសមាគម នៃគណៈកម្មាធិការរៀបចំការបោះឆ្នោតពិភពលោក និងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅថ្ងៃនេះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា គ.ជ.ប នឹងសហការជាមួយ គណៈកម្មាធិការរៀបចំការបោះឆ្នោតពិភពលោក ជាជំហានៗ មុននឹងក្លាយខ្លួនជាសមាជិកនៃសមាគមមួយនេះ។ លោក ថា អ្វីដែលគណៈកម្មាធិការរៀបចំការបោះឆ្នោតពិភពលោកកំពុងធ្វើនេះ គឺមិនខុសពីការចង់បានរបស់ គ.ជ.ប នោះទេ៕