ថ្ងៃរៀបការបុរសម្នាក់ខ្យល់គរស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើល

38

បុរសម្នាក់បានខ្យល់គរដួលស្លាប់នៅចំថ្ងៃរៀបការនៅខេត្តឧត្តមមានជ័យ បង្កឲ្យមានការភ្ញាក់​ផ្អើលខ្លាំង ដល់​ភ្ញៀវ​ដែល​បាន​មក​ចូល​ក្នុង​ពិធី​មង្គលការ​។​

នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការបានឲ្យដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២៣​និង​៣០​នាទី​ នៅ​ភូមិ​ពោធិ​ ឃុំ​បេង​ ស្រុក​បន្ទាយ​អំពិល​ ខេត្តឧត្តរមានជ័យ​។​

​តាមការចុះផ្សាយដដែលលោក​ឧត្តមសេនីយ៍ត្រី​ ឡឹ​ក​ សុខា​ ស្នងការ​រង​និង​ជា​ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​នគរបាល​ខេត្ត​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ឈ្មោះ​ ស​ ចាន់​ឌី​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ រស់នៅ​ភូមិ​ក្បាល​ក្របី​ ឃុំ​បន្ទាយឆ្មារ​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​

​លោកស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជន​រង​គ្រោះ​ ជា​កូន​ក​ម្លោះ​ដែល​កំពុង​រៀប​មង្គលការ​ចូល​រោង​ថ្ងៃ​ ២៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ លុះ​វេលា​ម៉ោង​ខាងលើ​ក៏​មាន​សភាព​មិន​ស្រួលខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​ ពេទ្យ​ឯកជន​ តែ​​ពេល​ទៅ​ដល់​ ពេទ្យ​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយៗ​ត្រូវ​បាន​បងប្អូន​គ្រួសារ​សព​ដឹក​យក​ទៅ​ផ្ទះ​នៅ​ស្រុក​ថ្មពួក​ខេត្ត​បន្ទា​យ​មាន​ជ័យ​ ដើម្បីធ្វើបុណ្យតាម​ប្រពៃណី​៕