អាជ្ញាធរឲ្យប្រុងប្រយត្នគ្រោះថ្នាក់ចរាចរណ៍ថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម

41
គ្រោះថ្នាក់ចរាចរណ៍នៅកំពង់ចាម។ រូបភាពពីវេបសាយអគ្គស្នងការ។

គណៈកម្មាធិការចរាចរណ៍ផ្លូវគោក ជំរុញឲ្យអ្នកបើកបរទាំងអស់ប្រុងប្រយត្នគ្រោះថ្នាក់ចរាចរណ៍ថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម នៅពាក់កណ្តាលខែកុម្ភៈ ដើម្បីការពារសុវត្ថិភាព ដោយថា គ្រោះ​ថ្នាក់​មាន​​​​កំណើន​ខ្ពស់ជារៀង​រាល់ឆ្នាំ។

ក្នុងលិខិតមួយរបស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចុះថ្ងៃទី៩នេះ ឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក មានកំណើនខ្ពស់ នៅរាល់ពិធីបុណ្យផ្សេងៗ បណ្ដាលឲ្យមានកំណើនជនរងគ្រោះ ជាអតិបរមា និងមានការខូចខាតទ្រព្យសម្បត្ដិជាច្រើន។

ហេតុនេះហើយគណៈកម្មាធិការអំពាវនាវទៅអ្នកធ្វើដំណើរក្នុង​ ថ្ងៃបុណ្យចូលឆ្នាំចិន វៀតណាម ចាប់ពីថ្ងៃទី១៦-១៧-១៨ ខែកុម្ភៈនេះ​ ឲ្យ​គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយមិនត្រូវ​បើក​បរក្នុង​ស្ថានភាពស្រវឹង មិនគោរពសិទ្ធិអាទិភាព មិនពាក់មួកសុវត្ថិភាព ការវ៉ាជែងប្រថុយប្រថាន ការដឹកនាំទំនិញ ឫអ្នកដំណើរ​លើសកំណត់ជាដើម។

កាល​ពី​ឆ្នាំ​២០១៧ គ្រោះ​ថ្នាក់​ចរាចរណ៍ បាន​សម្លាប់​មនុស្ស​ជិត ១៨០០​នាក់ ខណៈ​មនុស្ស​ជាង ៥​៥០០​នាក់​ទៀតបាន​រង​របួស ​៕