ពលរដ្ឋរងគ្រោះ ១៨នាក់ត្រូវបានជួយសង្រ្គោះឲ្យវិលមកកម្ពុជាវិញ

37

ពលរដ្ឋខ្មែរ ១៨ នាក់ត្រូវបានជួយសង្រ្គោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញបន្ទាប់ពីចំណាកស្រុកខុសច្បាប់ទៅ​ប្រទេស​ជិតខាង​។

ក្រសួងការបរទេសបានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ០៨ ខែ កុម្ភៈ បានឲ្យដឹងក្រសួងបានសហការជាមួយនឹង​អាជ្ញាធរ​ម៉ាឡេស៊ី វៀតណាម និង​ចិនជួយពលរដ្ឋខ្មែរ ១៨ នាក់ឲ្យបានវិលមកប្រទេសកំណើតវិញ។

សេចក្ដីថ្លែងការណ៍ដដែលបន្តថាក្នុងចំណោម ១៨ នាក់នោះមានពលករ ៦នាក់ត្រូវបានជួយសង្គ្រោះឲ្យវិលត្រឡប់មកដល់​កម្ពុជា​វិញកាលពីថ្ងៃទី ០២​ និង ទី០៦ កុម្ភៈ បន្ទាប់ពីពួកគេចំណាកស្រុកទៅធ្វើការខុសច្បាប់នៅប្រទេសម៉ាឡេស៊ី។

សេចក្ដីថ្លែងការណ៍ដដែលបន្ថែមថាជនរងគ្រោះ ៩នាក់ទៀតដែលមានអាយុចាប់ពី ០១ ដល់ ២៨ឆ្នាំមកពីខេត្តស្វាយ​រៀងត្រូវ​បាន​ជួយសង្គ្រោះឲ្យវិលត្រឡប់មកពីប្រទេសវៀតណាមវិញ បន្ទាប់ពីពួកគេចំណាកស្រុកខុសច្បាប់ទៅលក់ឆ្នោតនៅទីនោះ។

ដោយឡែកពលរដ្ឋដែលជាស្ត្រី ៣នាក់ទៀត ត្រូវបានអាជ្ញាធរសហការជាមួយនឹងសមត្ថកិច្ចរបស់ចិន អន្តរាគមន៍ជួយបន្ទាប់ពី​មេខ្យល់នាំធ្វើដំណើរទៅស្នាក់នៅ និង រៀបការខុសច្បាប់ក្នុងប្រទេសចិន៕