សមត្ថកិច្ចបង្រ្កាបបទល្មើសនេសាទចាប់មោងជាង ១ម៉ឺនម៉ែត្រ

61

កំលាំង​នគរបាល​ស្រុក​ មោងឫស្សី​ ធ្វើការ​ចុះ​បង្ក្រាបបទល្មើសនេសាទ ចាប់បានមោងជាង ១ម៉ឺនម៉ែត្រ និង​សម្ភារៈ​ឧបករណ៍​ ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​នេ​សា​ទនេះ​ជា​ច្រើនទៀត។

តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា​ចាប់ពី​ថ្ងៃ​ទី​ ៣១​ ខែមករា​ រហូត​ដល់​ថ្ងៃ​ទី​ ១​ ខែ​កុម្ភៈ​ កំលាំងនគរបាល​ចំនួន​២០​នាក់ បានចុះ​ប្រតិបត្តិការ​បង្រ្កាបបទល្មើសនេសាទនៅ ​តំបន់​រនាម​ក្រោម​ ស្ថិត​នៅ​ត្រង់​ព្រំប្រទល់​ស្រុក​ចំនួន​៣​ គឺ​ស្រុក​មោងឫស្សី​ ស្រុក​សង្កែ​ និង​ស្រុក​ឯក​ភ្នំ​ ត្រង់​អតីត​ ឡូត៍​លេខ​១​ និង​ឡូត៍​លេខ​​២​ លើ​ភូមិសាស្ត្រ​ ពាម​ត្រសក់​ និង​បឹង​អា​ភូត​ ស្ថិត​ក្នុង​ឃុំ​កោះ​ជី​វាំង​ ស្រុក​ឯក​ភ្នំ​ ខេត្តបាត់ដំបង​ ។

​ការចុះផ្សាយដដែលបន្តថាល​ទ្ឋ​ផល​នៃ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ​ សមត្ថកិច្ច​ចាប់​បាន​ សាច់​មោង​ (​ ណ​រ៉ាវ​ )​ ប្រ​វែង​ ១០​ ៥០០​ ម៉ែត្រ​ ឡុ​ក​ ចំនួន​ ៣៥​ បង្គោល​ចំនួន​ ២​ ៦២៥​ ម៉ែត្រ​ និង​កូន​ត្រី​ ប្រមាណ​ ៣៥០​ គីឡូក្រាម។

​តាមការចុះផ្សាយដដែលថាក្រោយបង្រ្កាបឧបករណ៍​ពាក់ព័ន្ធ​នឹង​បទល្មើស​ទាំងអស់​នោះ​ត្រូវបានសមត្ថកិច្ចដុត​បំផ្លាញ​ចោល​​នៅ​នឹង​កន្លែង​ ហើយកូនត្រីត្រូវបានព្រលែងទៅវិញ ខណៈ​​​ម្ចាស់ពុំទាន់ឃើញចេញ​មុខ​ចំពោះមុខច្បាប់៕